ព័ត៌មានជាតិ

ខឹងប្តីវ៉ៃពីយប់ ព្រឹកឡើងចងកសម្លាប់ខ្លួន

ភ្នំពេញៈ ស្រ្តីវ័យជាង៣០ឆ្នាំម្នាក់ ដែលមានជីវភាពលំបាកលំបិនរសល់ក្បែរអតីតគំនរសំរាមស្ទឹងមានជ័យ បានសម្រេចចិត្តលេបថ្នាំ និងចងកសម្លាប់ខ្លួន ចោលកូនស្រីតូចៗចំនួនពីរនាក់ឲ្យរស់នៅកំព្រាឯកាគ្មានទីពឹង ដោយសារតែតូចចិត្តនិងប្តីបានប្រើអំពើហិង្សាទៅលើខ្លួនកាលពីយប់នោះ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី ០៧ ខែកក្កាដា ឆ្នាំ២០១៦ នៅក្នុងផ្ទះគ្មានលេខមួយកន្លែង ដែលអង្គការឲ្យស្នាក់នៅក្បែរអតីតគំនរសំរាមស្ទឹងមានជ័យ ដែលស្ថិតនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ ជី ឡាក់ហួយ អាយុ៣២ឆ្នាំ មុខរបរជាកម្មករសំណង់ មានប្តីឈ្មោះ ណឹម ណាត អាយុ៣៤ឆ្នាំ ជាកម្មករសំណង់ដូចគ្នា មានកូនស្រីពីរនាក់នៅក្នុងបន្ទុក ដោយម្នាក់អាយុ១១ឆ្នាំ និងម្នាក់ទៀតទើបតែអាយុ៦ឆ្នាំ ប៉ុណ្ណោះ និងស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ។

មុនពេលកើតហេតុ ខណៈពេលដែលប្តីមិននៅផ្ទះ និងកូនស្រីច្បងទៅរៀនបាត់ ហើយស្រ្តីរងគ្រោះនៅតែពីរនាក់កូនស្រីប្អូននោះ ក៏បានយកថ្នាំពុលមួយក្តាប់ទៅលេប និងដេញកូនស្រីឲ្យចុះទៅក្រៅផ្ទះ និងខ្ទាស់ទ្វារខាងក្នុងជាប់ ដោយឃើញបែបនោះកូនស្រីរូបនោះក៏បានរត់ទៅប្រាប់អ៊ុំស្រីរបស់ខ្លួនម្នាក់ ដែលមានផ្ទះនៅក្បែរម្នាក់ ដោយប្រាប់ថា ម្តាយរបស់គេកំពុងតែយកថ្នាំពុលមួយក្តាប់ទៅលេប។ ក្រោយពេលដែលអ៊ុំស្រីរូបនោះ បានឮក្មួយស្រីប្រាប់បែបនេះហើយ រូបគាត់ក៏បានរត់មកគោះទ្វារតែមិនមានអ្នកណាម្នាក់បើកឲ្យឡើយ ក៏បានរត់ទៅហៅអ្នកភូមិឲ្យមកជួយមើល និងធាក់ទ្វារទម្លុះទៅខាងក្នុង ក៏បានប្រទះឃើញស្ត្រីរងគ្រោះបានយកខ្សែរអង្រឹងចងកភ្ជាប់ទៅនិងបង្អួចដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងតែម្តង។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី០៦ ខែកក្កដា ម្សិលមិញ អ្នកជិតខាងបានឮសំឡេងឈ្លោះប្រកែកគ្នារវាងប្តី និងប្រពន្ធទាំងពីរនាក់ និងឈានទៅដល់ការប្រើអំពើហិង្សាផងដែរ ទំនងជាតូចចិត្ត និងការវាយដំរបស់បុរសជាប្តីទើបបានជាស្ត្រីរងគ្រោះដាច់ចិត្តធ្វើបែបនេះ។

ក្រោយពេលកើតហេតុនេះ គេមិនបានឃើញមានវត្តមានប្តីរបស់ស្រ្តីរងគ្រោះឡើយ ដោយមានតែកូនស្រីតូចៗទាំងពីរនាក់នាំគ្នាស្រែកទ្រហោយំគួរឲ្យសង្វេគពេកក្រៃ និងគួរឲ្យអាណោចអធ័មជាទីបំផុត ដោយការអាណិតអាសូរទៅដល់ក្មេងស្រីតូចទាំងពីរនាក់ ដែលនឹងរស់នៅកំព្រានោះ។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចជំនាញក៏បានចុះទៅធ្វើការត្រួតពិនិត្យ និងកោសល្យវិច័យទៅលើសពរបស់ស្រ្តីរងគ្រោះពិតជាស្លាប់ ដោយសារតែការចងកសម្លាប់ខ្លួនឯងពិតប្រកដមែន ទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់