ប៉ៃលិនៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅវេលាម៉ោង២០និង០០នាទីយប់ថ្ងៃអាទិត្យ ១៤រោច ខែ អាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ តាមការស្រាវជ្រាវស៊ើបអង្កេត និងដាក់ភ្នាក់ងារសម្ងាត់របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងកាច់ រួចមកកម្លាំងប៉ុស្តិ៍រដ្ឋបាលបានសហការជាមួយកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស្រី សាម៉ុន ស្នងការរងខេត្តប៉ៃលិន ចុះនាំខ្លួនជនសង្ស័យចំនួនម្នាក់ មកសាកសួរពាក់ព័ន្ធករណី ឆក់កាបូបលុយ កាលពីវេលាម៉ោង២២និង១០ នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច ទល់មុខសាខាកាកបាទក្រហមខេត្តប៉ៃលិន ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនសង្ស័យមានឈ្មោះ ចន រតនៈ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្រោយពីធ្វើការសាកសួររបស់សមត្ថកិច្ចជំនាញរួចមក ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាព ឆក់កាបូបជាមួយឈ្មោះ ឡូ ប្រាក់ផន ហៅ ឌី និង ឈ្មោះ ហ៊ន់ ម៉េនហាវ ហៅ រ៉ា នេះពិតមែន ៕
មតិយោបល់