ព័ត៌មានជាតិ

មិនគួរអ៊ីចឹងសោះ! កំពុងឈរឈ្លោះប្រកែកគ្នាសុខៗ ស្រាប់តែដួលដាច់ខ្យល់ស្លាប់មួយរំពេច

បាត់ដំបងៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្ត្រីម្នាក់កំពុងតែឈ្លោះជាមួយស្ត្រីម្នាក់ទៀតសុខៗ បែរជាដួលដាច់ខ្យល់ស្លាប់មួយរំពេចទៅវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ ម៉ុល សេងហ៊ាង (ហៅខួច) ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមេផ្ទះ រស់នៅចំណុចកើតហេតុខាងលើ ហើយជនរងគ្រោះបានមានជម្លោះទំនាស់សម្តីជាមួយឈ្មោះ ស៊ុន សារី ហៅណារី ភេទស្រី អាយុ ៦១ ឆ្នាំ មុខរបរលក់ដូរ រស់នៅចំណុចខាងលើ ដោយប្រកែកគ្នាបន្តិចបន្តួច បន្ទាប់មកជនរងគ្រោះខាងលើ ភ្លាមនោះក៏បានដួលស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យដោយសន្និដ្ឋានជាជំហានដំបូងថា ជនរងគ្រោះខាងលើអាចស្លាប់ដោយសារជំងឺគាំងបេះដូង ហើយបច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់