ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ដកហូតថ្នាំញៀន១២កញ្ចប់ នៅសង្កាត់ស្វាយប៉ាក

ភ្នំពេញ: ជនជាតិវៀតណាម ២នាក់ ត្រូវកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ធ្វើការឆ្មក់ចូលបង្ក្រាបដោយឃាត់ខ្លួន និងដកហូតថ្នាំញៀន ១២កញ្ចប់ កាលពីវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ដែលនៅត្រង់ចំណុចផ្លូវលំ ក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួននោះ ទី១-ឈ្មោះ សើម ឆុងវិន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាដក (ជួញដូរគ្រឿងញៀន) ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក និងទី២-ឈ្មោះ គួន សុខ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក បានធ្វើការស្រាវជ្រាវឈានដល់ការឆ្មក់ចូលបង្ក្រាបទីតាំងខាងលើ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ ព្រមទាំងដកហូតម្សៅក្រាមពណ៌សថ្លាចំនួន ១២កញ្ចប់ និងថង់សម្រាប់ច្រកគ្រឿងញឿនមួយចំនួន។ ក្រោយមក កម្លាំងសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យទាំង ២នាក់ខាងលើមកកាន់ប៉ុស្តិ៍នគរបាលស្វាយប៉ាក ដើម្បីធ្វើការសួរនាំ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់