កំពង់ធំៈ យោងតាមផេក នាយកដ្ឋាន ផ្សព្វផ្សាយអប់រំបានឲ្យដឹងថា កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ដោយទទួលប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមានមនុស្ស២នាក់ បានជិះម៉ូតូ១គ្រឿងមកស្នាក់នៅក្នុងវត្ត។
ក្រោយពីទទួលបានសេចក្តីរាយការណ៍តាមរយៈទូរសព្ទពីព្រះសង្ឃ គង់នៅវត្តទួលគ្រើលរួចមក កងកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអណ្តូងពោធិ៍ នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ បានចុះទៅត្រួតពិនិត្យភ្លាមៗ។ ពេលសមត្ថកិច្ចទៅដល់ស្រាប់តែជនទាំង២នាក់ នេះបានរត់គេចចេញពីកងកម្លាំងនគរបាល។ពេលនោះ នគរបាលបានដេញតាមដោយមានប្រជាពលរដ្ឋ ជួយដេញមួយចំនួនផង។ ពេលចាប់ឃាត់ខ្លួនបានប្រជាពលរដ្ឋបាននាំគ្នាប្រមូលគ្នាយ៉ាងច្រើនកុះករជាបន្តបន្ទាប់ហើយវាយជនសង្ស័យបណ្តាលឲ្យរបួសជាទម្ងន់ ដោយចោទថាជាមុខសញ្ញាប្រព្រឹត្តបទល្មើសផ្សេងៗ (ពិសេសគឺចេះថាស្រែកតៗគ្នាថាមានអំពើចាប់ក្មេង)។
ក្នុងពេលភ្លាមៗនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាលោកស្នងការរងព្រហ្មទណ្ឌ អធិការ អធិការរង និងកម្លាំងនគរបាលយើង បានជួយអន្តរាគមន៍រំដោះជនសង្ស័យបាន ហើយដឹកមកស្នងការដ្ឋាននគរបាលខេត្តដោយតែទទួលមានរបួសធ្ងន់ធ្ងរ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង២នាក់នេះ ទី១មានឈ្មោះ មុត សុផាត ភេទប្រុស អាយុ៣៥ឆ្នាំ និងទី២ឈ្មោះ ច័ន្ទ រដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ។អ្នកទាំង២ រស់នៅភូមិមាសឈរ ឃុំចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត គឺពុំមានករណីពាក់ព័ន្ធនឹងការលើកឡើងពីប្រជាជនមួយចំនួនថាជាករណី«ចាប់ក្មេង»នោះទេ ហើយមុខសញ្ញានេះក៏មិនទាន់បានប្រព្រឹត្តបទល្មើសអ្វីដែរ គឺស្ថិតក្នុងការសង្ស័យដោយពេលនេះសមត្ថកិច្ចកំពុងសាកសួរ រកមូលហេតុដែលជនសង្ស័យទាំង២នាក់ពេលឃើញ នគរបាលស្រាត់តែរត់គេច។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស និងសូមអាជ្ញាធរដែនដីមេត្តាចូលរួមផ្សព្វផ្សាយថា បើសិនជាមានករណីនេះមែនសូមដាក់ពាក្យបណ្តឹងមកនគរបាល ហើយយើងរង់ចាំទទួលពាក្យបណ្ដឹងពីជនរងគ្រោះដើម្បីចាត់ការជនល្មើសតាមច្បាប់ផងដែរ៕
មតិយោបល់