ព័ត៌មានជាតិ

ផ្អើលយ៉ាងខ្លាំង! ប្រពន្ធឈឺពោះឆ្លងទន្លេឲ្យប្តីជូនទៅពេទ្យ មិនទាន់ដល់ផងស្រាប់តែកើតកណ្តាលផ្លូវ!!!

ភ្នំពេញៈ ស្រ្តីវ័យ៣៧ឆ្នាំម្នាក់ ខណៈពេលដែលកំពុងឈឺពោះគ្រប់ខែឆ្លងទន្លេរួចបានប្រាប់ ឲ្យប្តីឌុបជូនទៅពេទ្យដើម្បីសម្រាល តែទើបធ្វើរដំណើរបានពាក់កណ្តាលផ្លូវមិនទាន់ដល់ពេទ្យផង ស្រាប់តែឆ្លងទន្លេ នៅតាមផ្លូវកើតបានកូនស្រីម្នាក់ ដោយសារយប់ស្ងាត់ពេកទាំង២នាក់ប្តីប្រពន្ធ មិនដឹងធ្វើយ៉ាងម៉េច ក៏បានស្រែក ដង្ហោយហៅរកអ្នកដែលនៅក្បែរនោះឲ្យជួយ។

ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវស្ថិតក្នុងភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីដែលឈឺពោះឆ្លងទន្លេខាងលើមានឈ្មោះ លន់ ផល្លា អាយុ៣៧ឆ្នាំ រីឯប្តីមានឈ្មោះ សយ ភាន អាយុ៥១ឆ្នាំ មុខរបរកម្មករចាំដីឲ្យគេ មានកូនក្នុងបន្ទុកចំនួន៥នាក់ ប្រុស២នាក់ ស្រី៣នាក់ ។ ចំណែកកូនទើបនឹងកើតជាកូនស្រី មានស្រុកកំណើតនៅភូមិព្រះនិពាន្វ ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្នទាំង២នាក់ប្តីប្រពន្ធបាននាំគ្នាមកស្នាក់នៅកន្លែងចាំដីឲ្យគេ ស្ថិតក្នុងភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមព័ត៌មានពីស្រ្តីខាងលើបានបញ្ជាក់ឲ្យដឹងថា គាត់ដឹងដែរថា កូនក្នុងផ្ទៃ គ្រប់ខែហើយ ខណៈដែលកំពុងដេកសម្រាកនៅកន្លែងចាំដីនោះដល់ ពាក់កណ្តាលអធ្រាត្រ កើតមានអាការៈឈឺចុកសៀតពោះ ដឹងខ្លួនថាមិនស្រួល ក៏បានហៅប្តីឲ្យឌុបជូន ពីកន្លែងចាំដី ឆ្ពោះទៅពេទ្យ លុះធ្វើដំណើរ កាត់តាមផ្លូវទំនប់កប់ស្រូវពីជើងទៅត្បូង ដល់ចំណុចខាងលើនៅវេលាម៉ោង៣ ជាងខាងលើ អាការៈកាន់តែចុកសៀតពោះខ្លាំងទៅទៅលែងរួច បែកទឹកភ្លោះក៏បានឆ្លងទន្លេកន្លែងនោះតែម្តង កើតបានកូនស្រីម្នាក់។ ស្រ្តីដដែលបន្តទៀតថា យប់ស្ងាត់ ពុំមានអ្នកដំណើរឆ្លងកាត់ មានតែ២នាក់ប្តីប្រពន្ធ មិនដឹងធ្វើយ៉ាងម៉េច មានតែស្រែកហៅ អ្នកជិតខាង ជួយហៅរករថយន្តសង្រ្គោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ឲ្យជួយអន្តរាគមន៍ ដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ដើម្បីពិនិត្យថែទាំសុខភាពទាំងម្តាយនិងទារកដែលទើបនឹងកើតនោះ៕

មតិយោបល់