ព័ត៌មានជាតិ

ចុម! អ្នកលក់ទឹកត្នោតជូរ ឃើញទូរសព្ទគេល្អ បែកគំនិតលួចទូរសព្ទអ្នកផឹកទៅវិញ !!!

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះរួមនិងប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួនបានវាយស្វាគមន៍យ៉ាងចាស់ដៃទើបប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីរូបគេបានធ្វើសកម្មភាពលួចទូរសព្ទរបស់គេមួយគ្រឿងដែលកំពុងសាកថ្មទុកចោលបានសម្រេច ហើយព្យាយាមគេចខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧
នៅចំណុចតូបលក់ទឹកត្នោតជូរ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបាននេះមានឈ្មោះ នួន សុភ័ក្ត្រអាយុ១៨ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅរោងទឹកត្នោតជូរ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាននៅយប់ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។

ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុក សុភ័ក្ត្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកទូរសព្ទដៃដែលជនសង្ស័យបានលួចយកទៅនោះម៉ាក អាយហ្វូន
ហ្វាយ ពណ៌សលាយទឹកមាស។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យជាអ្នកលក់ទឹកត្នោតជូរ នៅចំណុចកើតហេតុខាងលើ ចំណែកជនរងគ្រោះបានចូលទៅផឹកត្នោតជូរនៅទីនោះ លុះពេលកំពុងផឹក ស្រាប់តែទូរសព្ទបានអស់ថ្ម ហើយបាន
យកទៅសាកថ្ម បន្ទាប់មកជនសង្ស័យបានធ្វើសកម្មភាពលួចយកទូរសព្ទរបស់ជនរងគ្រោះ ពេលលួចបានហើយជនសង្ស័យបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះ ពេលដែលដឹងថាបាត់ទូរសព្ទបានរកជនសង្ស័យតែរកមិនឃើញ រហូតដល់ម៉ោង ១យប់ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ទើបជនរងគ្រោះតាមរកជនសង្ស័យឃើញ រួចបាននាំខ្លួនជនសង្ស័យមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅតែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើបានបញ្ជូនឲ្យផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីបន្តអនុវត្តតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់