ព័ត៌មានជាតិ

សង្ស័យចង់លួចមាន់គេ! បុរសម្នាក់លួចចូលក្នុងកសិដ្ឋានគេបែរជាចំខ្សែភ្លើងដែលគេរាយឆក់កណ្តុរឆក់ស្លាប់តែម្តង

កណ្តាលៈ ហេតុការណ៍ភ្នាក់ផ្អើលមួយកើតឡើង បន្ទាប់ពីមានបុរសម្នាក់បានរាយខ្សែភ្លើងសម្រាប់ឆក់កណ្តុរ តែបែរជាឆ្លងចរន្តឆក់ខ្លួនឯងស្លាប់តែម្តង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចកសិដ្ឋានចិញ្ចឹមជ្រូករបស់ឈ្មោះ គីម ឌីណា ភេទប្រុសអាយុ៣៧ឆ្នាំ ក្នុងភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់មានឈ្មោះនិត យ៉ាន ភេទប្រុសអាយុ២៥ឆ្នាំ ស្នាក់នៅភូមិ ឃុំកើតហេតុខាងលើមុខរបរមិនពិតប្រាកដ។

ចំណែកជនសង្ស័យឈ្មោះ ម៊ឺន ញ៉ាញ់ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិចុងកើប ឃុំកំពែងស្រុកព្រៃកប្បាស ខេត្តតាកែវ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ(រត់គេចខ្លួន)។

ក្នុងនោះសមត្ថកិច្ចដកហូតបាន អាគុយម៉ាកaokly ពណ៌ខ្មៅ១មួយគ្រឿង, ដុំអាំងវែកទ័រ១គ្រឿង, ខ្សែលួសពណ៌សប្រវែង១៨,៧៥ម៉ែត្រ, ខ្សែភ្លើងទំហំ២គុណ០.៥ប្រវែង៣៣ម៉ែត្រ ។

មុនពេលកើតហេតុ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ បានទទួលពត៌មានពីលោកគីម ឌីណា ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកនៅភូមិឃុំកើតខាងលើ ថាមានមនុស្សស្លាប់ដោយសារឆក់ចរន្តអគ្គិសនីដែលកម្មកររបស់ខ្លួនបានរាយសម្រាប់ឆក់សត្វកណ្តុរនៅក្នុងរោងចិញ្ចឹមមាន់របសខ្លួន ។ ក្រោយទទួលព័ត៌មាន កម្លាំងជំនាញសហការជាមួយកម្លាំងការិយាល័យបចេ្ចកទេសវិទ្យាសាស្ត្រខេត្តកណ្តាលកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យប្រចាំឃុំនិងក្រុមគ្រួសារបានចុះពិនិត្យសាកសពនិងបានបញ្ជាក់ថា៖សពពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីប្រាកដមែន ហើយបើតាមការសន្និដ្នាន ជនរងគ្រោះបានចូលមកក្នុងកសិដ្ឋានក្នុងគោលបំណងលួចមាន់។

ក្រោយពិនិត្យរួចសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ផងដែរ៕

មតិយោបល់