ព័ត៌មានជាតិ

Update៖ ម៉ូតូ២គ្រឿងបើកបុកគ្នាពេញទំហឹងរងរបួសទាំងសងខាង

ភ្នំពេញៈ ម៉ូតូ២គ្រឿងខណៈដែលកំពុងបើកបរក្នុងទិសដៅច្រាសទិសគ្នា ស្រាប់តែជ្រុលចង្កូតទៅបុកគ្នាពេញទំហឹង បណ្ដាលឲ្យអ្នក បើកបររងរបួសទាំងសង្ខាងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម៉ូតូទាំង២គ្រឿងដែលបានបើកបរបុកគ្នាបង្កឲ្យមានអ្នករងរបួសនោះ មួយគ្រឿងជាម៉ូតូម៉ាកហុងដា MSX ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1FC-8311 ចំណែកម៉ូតូ១គ្រឿងទៀតម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1B-1611 ហើយអ្នកបើកបរម៉ូតូទាំង២គ្រឿងខាងលើនេះមិនត្រូវបានគេស្គាល់ឈ្មោះឡើយ និងបានរងរបួសទាំងសង្ខាង ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គេបានឃើញម៉ូតូទាំង២គ្រឿងនោះ បើកបរធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នា ដោយម៉ូតូ ម៉ាកហុងដាMSX បើកបរក្នុងទិសដៅពីជើងទៅត្បូង ដោយឡែកម៉ូតូ ម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៌ខ្មៅ បានបើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ចំណុចកើតហេតុ មិនដឹងថាម៉ូតូមួយណាជែងយានយន្តផ្សេងដែលនៅខាងមុខឬក៏ជែងដូចគ្នានោះទេ ស្រាប់តែបានបុកគ្នាពេញទំហឹងលាន់សូរដូចរន្ទះ បណ្ដាលឲ្យដួលគរលើគ្នារងរបួសទាំងសង្ខាងបែបនេះតែម្ដង។

ក្រោយពេលកើតហេតុ អ្នករងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបាននគរបាលនាំយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយបន្តទៀត៕

មតិយោបល់