ព័ត៌មានជាតិ

គ្រាន់តែមានមនុស្សចុចកណ្តឹងនិងគោះទ្វាហៅសោះ នាំគ្នាផ្អើលថាចាប់ក្មេងទាំងកណ្តាលថ្ងៃត្រង់ទៅវិញ!

ភ្នំពេញៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈម្ចាស់ផ្ទះល្វែង២នាក់ប្ដីប្រពន្ធ រាយការណ៏ប្រាប់នគរបាលខណ្ឌពោធិ៍សែនជ័យថា មានមនុស្សប្រុសម្នាក់ បានទៅចុចកណ្ដឹងផង និងគោះទ្វាផ្ទះរបស់គាត់ផង ក្នុងខណៈពេលដែលពួកគាត់មិននៅ ជាប់រវល់ទៅលក់នំបុ័ងដាក់សាច់នៅតាមមុខរោងចក្រកាត់ដេរ ដោយបានទុកកូនតូចចំនួន៣នាក់នៅចាំផ្ទះ។

បន្ទាប់ពីទទួលបានដំណឹងដ៏រសើប ស្របពេលនឹងមានពាក្យចចាមអារ៉ាមថាមានមនុស្សចាប់ក្មេងវះយកក្រលៀនផងនោះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ បានចុះទៅកាន់ទីនោះភ្លាមៗ ប៉ុន្តែជនខាងលើបានចេញទៅអស់បាត់ទៅហើយដោយមិនទាន់ដឹងថា គេទៅគោះទ្វារផ្ទះនិងចុចកណ្ដឹងមានបំណងអ្វីនោះទេ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៤ ក្នុងបុរីជីបម៉ុង ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា ម្ចាស់ផ្ទះល្វែងជាឪពុកម្តាយក្មេងខាងលើនេះត្រូវបានគេស្គាល់ដោយប្ដីមានឈ្មោះ គឹម សុប៊ែល អាយុ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ គឹម សុភ័ណ្ឌ អាយុ៣២ឆ្នាំ មានមុខរបរលក់នំបុ័ងដាក់សាច់។ ចំណែកកូនរបស់គាត់ទាំង៣នាក់បងប្អូននោះ ទី១ឈ្មោះ គឹម សុភក្រ័ ភេទប្រុស អាយុ១២ឆ្នាំ ,ទី២ឈ្មោះ គឹម សុខា ភេទស្រី អាយុ៩ឆ្នាំ និងទី៣ឈ្មោះ គឹម សុផល ភេទប្រុស អាយុ៣ឆ្នាំ។

ប្រភពពីឪពុកម្តាយក្មេងខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បាននាំគ្នាទៅលក់នំបុ័ងដាក់សាច់នៅតាមមុខរោងចក្រ ដោយបានទុកឲ្យកូនប្រុសស្រីរបស់គាត់នៅចាំផ្ទះ ដោយប្រាប់ឲ្យនៅតែក្នុងផ្ទះតែប៉ុណ្ណោះ និងចាក់គន្លឹះទ្វាពីក្នុង លុះដល់ពេលកើតហេតុ ស្រាប់តែមានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានមកចុចកណ្ដឹងព្រមទាំងគោះទ្វាជាច្រើនដង ដែលជាហេតុបង្កឲ្យកូនៗរបស់គាត់មានការភិតភ័យយ៉ាងខ្លាំង និងមិនហ៊ានបើកទ្វានោះទេ ដោយបាននាំគ្នាសម្ងំនៅក្នុងផ្ទះមិនហ៊ានឆ្លើយសូម្បីមួយម៉ាត់។ ក្រោយមកកូនរបស់គាត់ក៏បានខលប្រាប់ពួកគាត់ទើបពួកគាត់ត្រឡប់ទៅផ្ទះវិញ និងបានសង្ស័យថាជននោះប៉ងចាប់កូនគាត់ ទើបរាយការណ៍ជូននគរបាលឲ្យជួយអន្តរាគមន៏ភ្លាមៗ ប៉ុន្តែនគរបាលក៏មិនទាន់បានសន្និដ្ឋានថា ជាករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ ឬក៏បែបណាពិតប្រាកដនៅឡើយទេ ដោយគ្រាន់តែទទួលពាក្យបណ្ដឹងទៅតាមអ្វីដែលបានកើតឡើងប៉ុណ្ណោះ៕

https://youtu.be/MsrVCIBgojg

មតិយោបល់