ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនម្នាក់ តាមដីកា ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើអាវុធ

កំពង់ចាមៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកកំពង់សៀម ធ្វើការឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើអាវុធ តាមដីកាបង្គាប់របស់តុលាការ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបានលោក ប៉ុក សុវណ្ណមុន្នី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៤៧៣ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ បានសម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ ពីបទហិង្សាដោយ ចេតនា មានស្ថានទម្ងន់ទោសដោយប្រើអាវុធ ដែលប្រព្រឹត្តកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ នៅភូមិទី៨ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ជនដែលឃាត់ខ្លួននេះមានឈ្មោះ ប៊ុត ប៊ុននី ភេទប្រុស អាយុ​២២ឆ្នាំ មុខរបរកសិករ មានទីកន្លែងកំណើត និងអាស័យដ្ឋានបច្ចុប្បន្ននៅភូមិទី៨ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បច្ចុប្បន្នជនជាប់ចោទខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាមរួចរាល់ហើយ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះ ទៅតាមបញ្ញត្តិច្បាប់មាត្រា២១៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ៕

មតិយោបល់