បន្ទាប់ពី មិនទាន់បញ្ចប់មន្ទិលសង្ស័យ ទាក់ទងជាមួយនឹង Philippe Coutinho ចាកចេញ ឬមិនចាកចេញ នោះ ក្រុមហង្សក្រហម Liverpool បានដាក់គោលដៅធំមួយទៀត គឺតាមប្រមាញ់ Renato Sanchez ដើម្បីត្រៀមជើងព្រួល ជំនួសតំណែងរបស់ Philippe Coutinho ។
ជាការពិតណាស់ Philippe Coutinho មានភាគរយខ្ពស់ណាស់ ក្នុងការផ្លាស់ចេញពី ក្រុមហង្សក្រហម Liverpool ដើម្បីទៅកាន់ Barcelona ឬក្រុម Paris Saint Germain ។ បើតាមការចុះផ្សាយរបស់ Mirror បានឲ្យដឹងថា លោក Klopp អ្នកចាត់ការក្រុម Liverpool បានសម្លឹងឃើញ Renato Sanchez យុវជនវ័យក្មេង របស់ក្រុម Bayern Munich ដើម្បីយកមកជំនួសតំណែងរបស់ Philippe Coutinho ។ ម្ចាស់ជ័យលាភី កីឡាករវ័យក្មេងល្អជាងគេ ប្រចាំព្រឹត្តិការណ៍ Euro ២០១៦ រូបនេះ កំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្រុមល្បីៗជាច្រើន នាពេលបច្ចុប្បន្ននេះ។
ជាក់ស្តែងណាស់ ក្រៅពីក្រុមហង្សក្រហម ដែលកំពុងសម្លឹងឃើញ Renato Sanchez នោះ ក្រុម២ផ្សេងទៀត បានតាមប្រមាញ់ កីឡាករវ័យក្មេងរូបនេះ មុន Liverpool ទៅទៀត ដែលរួមមានដូចជា Manchester United និង Chelsea ។ យ៉ាងណាវិញ លោក Klopp បានឲ្យដឹងថា ការមកកាន់ Premier League របស់ Renato Sanchez មានតែ Liverpool ទេ ដែលជាជម្រកល្អប្រសើរសម្រាប់ កីឡាករវ័យក្មេងនេះ។ សម្តីលោក Klopp នេះមានន័យថា ការចាកចេញរបស់ Coutinho នឹងក្លាយជាឱកាសល្អមួយ សម្រាប់ Renato Sanchez មកជំនួសតំណែងនេះ។
សម្រាប់ Man Utd មានការប្រឈមច្រើន ជាមួយ Herrera, Pogba, Carrick, Felliani, Mkhitariyan, រួមនឹងខ្សែបម្រើជាច្រើនទៀត ដែលសុទ្ធសឹងល្អៗ ខណៈ Chelsea បើទោះបី Matic ផ្លាស់ទៅកាន់ Man Utd តែមិនខ្វះខ្សែបម្រើល្អៗឡើយ។ ដូច្នេះហើយ លោក Klopp ជឿជាក់ថា Renato Sanchez នឹងមកចូលរួមជាមួយ Liverpool ក្នុងពេលដ៍ខ្លីខាងមុខនេះ បន្ទាប់ពីការចាកចេញរបស់ Philippe Coutinho ។
មតិយោបល់