ព័ត៌មានជាតិ

រថយន្តម៉ាកហ៊ីណូ ដឹកឈើធ្ងន់ពេកដាច់កង់ក្រោយក្រឡាប់ផ្ងារជើង ម្ចាស់ភ័យស្លន់ ខំប្រឹងបិទបាំងស្លាកលេខ!

ភ្នំពេញៈ រថយន្តហ៊ីណូមួយគ្រឿងដឹកឈើអារពេញរថយន្ត ដោយសារដឹកផ្ទុកធ្ងន់លើសចំណុះបើករហូតដល់ដាច់របូតកង់ក្រោយបណ្តាលឲ្យក្រឡាប់ផ្ងារជើង បោកផ្ទប់ទៅនឹងរថយន្តបែនមួយគ្រឿងផ្សេងទៀត ដែលកំពុងឈប់ចតចិញ្ចើមផ្លូវបែកកង់ បណ្តាលឲ្យក្អែរធ្លាយឈើចេញពីរថយន្ត តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ហេតុការគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ តាមផ្លូវហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានឲ្យដឹងថា ក្រោយពេលរថយន្តក្រឡាប់ម្ចាស់រថយន្តព្យាយាមបិទបាំងស្លាកលេខរថយន្ត ហើយដោះគាស់ស្លាកលេខយកលាក់ទុកទៅវិញ ធ្វើឲ្យងឿងឆ្ងល់គ្រប់គ្នា នៅនឹងកន្លែងកើតហេតុ តែទង្វើររបស់អ្នកបើកបររថយន្តបង្ក ខាងលើហួសពេលទៅហើយ ក្រោយពីកាមេរ៉ាអ្នកសារពត៌មានថតរូបបាន ហើយរថយន្តបង្កខាងលើ ម៉ាកហ៊ីណូ ចំណុះ៥តោន ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 3D-7734 ដឹកឈើអារពេញរថយន្ត និងមានគ្នាជិះ៤នាក់។

តាមប្រភពដដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុរថយន្តបង្កខាងលើ បើកតាមផ្លូវហាណូយពីជើងទៅត្បូង មកដល់ចំណុចខាងលើ ដោយសាររថយន្តដឹកលើសចំណុះ រហូតដាច់របូតកង់ក្រោយខាងស្តាំបណ្តាលឲ្យក្រឡាប់បោកផ្ទប់ទៅនឹងរថយន្តបែន កំពុងឈប់បែកកង់ ក៏ធ្លាយចាក់ឈើចោលពេញផ្លូវ សំណាងល្អគ្មានអ្នករងរបួស ហើយរថយន្តបែនមួយគ្រឿងទៀតក៏មិនមានខូចខាតដែរ។

ក្រោយកើតហេតុ រថយន្តខាងលើត្រូវបានសមត្ថកិច្ចអនុញាតិឲ្យរើឈើសាងទៅដាក់រថយន្តផ្សេង ហើយស្ទូចរថយន្តខាងលើយកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់