ព័ត៌មានជាតិ

អុញម៉េចវិញ!.. ពលរដ្ឋថាវាយ តែប្រធានពន្ធនាគារខេត្តព្រៃវែងថា កូនចៅលោកមិនបានវាយអ្នកទោសទេ

ភ្នំពេញៈ ក្រោយពីបែកធ្លាយព័ត៌មាន តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលកាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមិញ មានគណនីឈ្មោះ លីនី សម័យតេជោ ដោយចុះផ្សាយដាក់ចំណងជើងថា«មន្ត្រីប៉ូលិសនៅក្នុងពន្ធនាគារខេត្តព្រៃវែង បានប្រើហិង្សាលើអ្នកទោសយ៉ាងសាហាវ» និងបានរៀបរាប់ត្រួសៗថា លោកវរសេនីយ៍ឯក ឃា ផា ជាប្រធានការិយាល័យប្រតិបត្តិ បានយកកៅអីវាយលើទណ្ឌិតឈ្មោះ អ៊ួន ចាន់រឿន បណ្ដាលឲ្យបែកក្បាលប្រវែង ២សង់ទីម៉ែត្រ នៅគ្រាដែលទណ្ឌិត និងទណ្ឌិតនៅក្នុងពន្ធនាគារខេត្តព្រៃវែង បានឈ្លោះប្រកែកគ្នា។

ទាក់ទិន្ននឹងការចុះផ្សាយនេះ លោក ជួប សារីម ប្រធានពន្ធនាគារខេត្តព្រៃវែងបានថ្លែងបញ្ជក់តាមទូរសព្ទនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះថា រឿងចោទថា កូនចៅលោកវាយអ្នកទោសនោះគ្មានទេ គឺអ្នកទោស វាយគ្នាទៅវិញទៅមក ហើយកូនចៅលោកចូលទៅជួយឃាត់តែប៉ុណោះ។ លោកបន្ដថា នៅថ្ងៃនេះលោកនឹងកោះហៅមន្ត្រីរបស់លោកមកសួរនាំ ពីបញ្ហានេះ ដើម្បីធ្វើរបាយការណ៍ជូនទៅខេត្ត។

ដោយឡែកលោកឧត្តមសេនីយ៍ត្រី សន កែវ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃបានថ្លែងបញ្ជាក់តាម Telegram ថា ចំពោះករណី ដែលផ្សាយមន្ត្រីពន្ធនាគារខេត្តព្រៃវែងឈ្មោះ ឃា ផា បានវាយទណ្ឌិតបែកក្បាលនោះ បើយោងតាមរបាយការណ៍បឋម ឱ្យដឹងថា ជារឿងមិនពិត។ លោកថា ករណីនេះ គឺជាវាយតប់គ្នារវាងជនជាប់ឃ៊ំ និងជនជាប់ឃុំតែប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលមន្ត្រីពន្ធនាគារចូលទៅឃាត់ក៏បណ្តាលឲ្យកៅអីប៉ះត្រូវជនជាប់ឃុំរូបនេះ បណ្តាលឲ្យរបួសនៅចុងចិញ្ចើមបន្តិច។

សូមបញ្ជាក់ថា គណនីហ្វេសប៊ុកឈ្មោះ លីនី សម័យតេជោ បានលុបចោលនៅអត្ថបទរបស់ខ្លួនភ្លាមៗ ក្រោយពីបង្ហោះបានប្រមានជាង១០នាទី ហើយគណនីដដែលនេះ ក៏បានបង្ហោះ អត្ថបទថ្មីភ្លាមៗមួយទៀតដោយបានបញ្ជាក់ចុងក្រោយយ៉ាងដូច្នេះថា «នាងខ្ញុំលុបអត្ថបទអំពីអំពើហិង្សាលើអ្នកទោសក្នុងពន្ធនាគារខេត្តព្រៃវែង ដោយសារតែមានការខល មកសំណូមពរ ក៏ប៉ុន្តែ នាងខ្ញុំនឹងផុសម្តងទៀត ដរាបណា មានអំពើហឹង្សាទៅលើទណ្ឌិត!»៕

មតិយោបល់