ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់មានចិត្តទទួលកំហុស ទៅសុំទោស ព្រោះធ្លាប់ផឹកស៊ីទាស់ពាក្យសម្តីគ្នាកន្លងមក តែបែរជាត្រូវមួយកាំបិត រងរបួសស្រាល ករណីហិង្សាដោយចេតនា ស្ថិតនៅចំណុច ផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិអន្លង់ក្រាយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៦និង១០នាទី រសៀលថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២ ។
តាមប្រភពព័ត៌មាននៅកន្លែង បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នៅផ្ទះរបស់ឈ្មោះ ធី មានកម្មវិធីជួបជុំមិត្តភក្តិផឹកស៊ី ច្រៀងខារ៉ាអូខេ មួយសន្ទុះក្រោយមកឈ្មោះ ចិត្រ បានមកសុំទោស ឈ្មោះ ធី ដោយសារ ពីពេលកន្លងមកធ្លាប់ផឹកស៊ីជាមួយគ្នា រួចទាស់ពាក្យសម្តី ខណៈពេលដើរចូលមកសុំទោស ក៏ត្រូវឈ្មោះ ធី យកកាំបិតផ្គាក់កាប់ទៅលើឈ្មោះ ចិត្រ មួយកាំបិតចំក្រោមផុតដៃខាងឆ្វេង បណ្តាលឲ្យរងរបួស ។ ឃើញហេតុដូចនេះអ្នកផឹកស៊ីជាមួយគ្នា បាននាំគ្នាជួយឃាត់ នឹងបំបែក ព្រោះខ្លាចក្រែងមានរឿងរ៉ាវធំជាងនេះ ។
យោងតាមរបាយការេណ៍របស់ លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថា ចំពោះករណីហិង្សាដោយចេតនាខាងលើ ជនរងគ្រោះមានឈ្មោះ ងួន រដ្ឋា ហៅចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិបត់គគីរចាស់ ឃុំអូរតាប៉ោង ស្រុកបាកាន រងរបួសស្រាល ត្រូវក្រុមគ្រួសារយកទៅព្យាបាលនៅពេទ្យឯកជនភូមិអូរតាប៉ោង ចំពោះជនបង្កមានឈ្មោះ គុយ ធី ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ក្រោយបង្កហេតុបានរត់គេចខ្លួនពីមូលដ្ឋាន ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ គុយ ធី ត្រូវបានសមត្ថកិច្ចស្រាវជ្រាវស្វែងរកចាប់ឃាត់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ ចំពោះវត្ថុតាងកាំបិតផ្គាក់មួយដើម ត្រូវសមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង ៕
មតិយោបល់