ការប្រើប្រាស់ស្មាតហ្វូនពេលកំពុងបើកបរគឺត្រូវបានហាមឃាត់ដោយច្បាប់ចរាចរណ៍ផ្លូវគោករួចទៅហើយ នៅក្នុងបណ្តាប្រទេសជាច្រើនជុំវិញសកលលោក។ ប៉ុន្តែ ចំពោះបម្រាមមិនឱ្យប្រើប្រាស់ស្មាតហ្វូនពេលកំពុងដើរឆ្លងផ្លូវវិញ គឺមិនទាន់ឃើញមាននៅឡើយទេ។
នៅក្នុងទីក្រុងធំបំផុតនៃរដ្ឋហាវ៉ៃ ឈ្មោះ Honolulu ប្រហែលនឹងក្លាយជាទីក្រុងមុនដំបូងគេបង្អស់ដែលមានច្បាប់ហាមប្រាណមិនឱ្យអ្នកថ្មើរជើងប្រើប្រាស់ទូរសព្ទរបស់ពួកគេនៅពេលកំពុងដើរឆ្លងលើគំនូសកាត់ទទឹងផ្លូវ។
យោងតាមរបាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា អភិបាលក្រុង Honolulu គឺលោក Kirk Caldwell បានចុះហត្ថលេខាលើសេចក្តីស្នើច្បាប់មួយដែលត្រូវបានតាក់តែងឡើងដើម្បីបញ្ជៀសមិនឱ្យអ្នកដែលញៀននឹងការប្រើប្រាស់ស្មាតហ្វូនជួបគ្រោះថ្នាក់ ឬរងគ្រោះជាយថាហេតុ ដែលអាចនឹងបង្កឡើងដោយខ្លួនរបស់ពួកគេពេលកំពុងព្យាយាមដើរឆ្លងផ្លូវ។
បទបញ្ញាត្តិថ្មីនេះ ត្រូវបានអនុម័តនាពេលថ្មីៗនេះរួចទៅហើយ ហើយវានឹងចូលជាធរមានចាប់ពីថ្ងៃទី ២៥ ខែតុលា ខាងមុខ។
ចំពោះអ្នកថ្មើរជើងណាដែលត្រូវបានគេរកឃើញថាបំពាន ពោលគឺ នៅតែប្រើប្រាស់ស្មាតហ្វូនរបស់ពួកគេពេលកំពុងដើរឆ្លងកាត់ផ្លូវ ពួកគេនឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ពី ១៥ ទៅ ៩៩ ដុល្លារ អាស្រ័យទៅតាមចំនួនដងនៃបទល្មើសដែលចែងឡើងដោយច្បាប់។
យោងតាមចៅហ្វាយក្រុង Caldwelll ច្បាប់ថ្មីនេះដែរ ត្រូវគេរំពឹងថា នឹងការពារអ្នកថ្មើរជើងដែលងប់ងល់នឹងស្មាតហ្វូនរបស់ពួកគេ ពីឧប្បត្តិវហេតុគ្រោះថ្នាក់ចរាចរណ៍ដោយឡានបុក នៅពេលកំពុងឆ្លងកាត់ផ្លូវដោយមិនបានមើលឆ្វេងស្តាំ ឬភ្លើងសញ្ញាចរាចរណ៍។
ច្បាប់ថ្មីនេះ ក៏រងការរិះគន់ពីសំណាក់ពលរដ្ឋផងដែរ ដោយពួកគេលើកឡើងថា វាមានការរឹតត្បិតលើសេរីភាពឯកជន និងមានលក្ខណៈតឹងតែងពេក។ ជំនួសមកវិញ ពួកគេចង់ឱ្យអាជ្ញាធរព្យាយាមអប់រំពលរដ្ឋឱ្យប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចប្រកបដោយភាពទទួលខុសត្រូវ៕
ប្រភពព័ត៌មានៈ phonearena
មតិយោបល់