ភ្នំពេញៈ បុរសជាជនសង្ស័យជាចោរឆក់យ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យចាប់ឃាត់ខ្លួន ខណៈដែលរូបគេបានធ្វើសកម្មភាពឆក់ខ្សែកប្លាកទីនមួយខ្សែ ពីបុរសជាជនរងគ្រោះម្នាក់ ក្រោយពីរូបគេទើបតែបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីជាជនបរទេសនៅក្នុងភូមិសាស្ត្រខណ្ឌចំការមនមួយលើករួចមក។
ការចាប់ឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ៥ និង១៥នាទីល្ងាច ថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១៧ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ យូរ ស៊ីរ៉ាដែត អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ បុរសជាជនរងគ្រោះមានឈ្មោះ សឿ ភារុណ អាយុ ២៤ឆ្នាំ និស្សិតឆ្នាំទី២ សាលាពេទ្យយោធា ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពដដែលបានប្រាប់បន្តទៀតថា មុនពេលកើតហេតុ បុរសចាជនរងគ្រោះបានជិះម៉ូតូម៉ាក Today ពណ៌កាប់ស្តាំង ពាក់ស្លាកលេខ ភ្នំពេញ1FE-3224 តែម្នាក់ឯង លុះមកដល់ចមណុចខាងលើ ក៏ស្រាប់តែលេចមុខបុរសជាជនសង្ស័យម្នាក់ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1A-9758 មួយគ្រឿងមកពីក្រោយ និងធ្វើសកម្មភាពឆក់យកខ្សែរកផ្លាកទីនមួយខ្សែរពីជនរងគ្រោះតែម្តង។ភ្លាមនោះ បុរសជាជនរងគ្រោះក៏បានជិះម៉ូតូដេញតាមស្រែកថា «ចោរៗ»ធ្វើឲ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋដែលធ្វើតំណើរតាមផ្លូវដេញចាប់បាន និងប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យតែម្តង។
ក្រោយពេលកើតហេតុ បុរសជាជនសង្ស័យក៏ត្រូវបាននាំខ្លួនយកមកធ្វើការសាកសួរនៅនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ និង ឆែកឆេរកឃើញលិខិតឆ្លងដែនរបស់ស្ត្រីជនបរទេសម្នាក់នៅជាប់និងខ្លួន ដោយរូបគេបានសារភាពថា «កាបូបស្ពាយ រួមទាំង លិខិតឆ្លងដែនរបស់ស្ត្រីបរទេសនេះ រូបគេទើបតែធ្វើសកម្មភាពឆក់បានពីខណ្ឌចំការមនមុននេះបន្តិច» និងធ្វើកំណត់ហេតុបញ្ជូនទៅកាន់អធិការដ្ឋានណគរបាលខណ្ឌមានជ័យចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕
https://youtu.be/oL0Ms-74IkI
មតិយោបល់