ព័ត៌មានជាតិ

បញ្ជូនខ្លួនថៅកែរមណីយដ្ឋាន សួនសុបិន មកតុលាការ ដើម្បីសាកសួរបន្ថែម

ភ្នំពេញ: ប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានឱ្យភ្នាក់ងារ Post News ដឹងថា កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ម្សិលមិញ លោក ឃួន សារុំ ដែលជាម្ចាស់ភាគហ៊ុនមួយភាគធំរបស់រមណីយដ្ឋានសួនសុបិន ត្រូវបានតុលាការបញ្ជាឱ្យអនុរក្សពន្ធនាគារព្រៃសនាំខ្លួនមកសាកសួរពាក់ព័ន្ធនឹងសំណុំរឿងចេញសែកគ្មានសាច់ប្រាក់។

ប្រភពបានបន្តថា ក្រៅពីសំណុំរឿងចេញសែកស្អុយជាង ៣០ម៉ឺនដុល្លារដែលត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ និងកំពុងអនុវត្តទោសនោះ ទណ្ឌិតឈ្មោះ ឃួន សារុំ នៅមានករណីចេញសែលស្អុយ និងករណីឆបោកប្រាក់ ពីដើមបណ្តឹងដទៃទៀតច្រើនករណីណាស់ ដែលមានសាច់ប្រាក់រាប់សែនដុល្លារផងដែរ។

ទណ្ឌិតឈ្មោះ ឃួន សារុំ ភេទប្រុស អាយុ ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ១៥០E0 ផ្លូវសុកហុក សង្កាត់អូឬស្សី៤ ខណ្ឌ៧មករា ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួននៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ តាមអំណាចសាលក្រមរបស់លោក វ៉េង ហ៊ត់ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ ដែលបានសម្រេចផ្តន្ទាទោសទណ្ឌិត ឃួន សារុំ ដាក់ពន្ធនាគារកំណត់ ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦លានរៀល ពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ អាចជួញដូរបាន ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង ឲ្យផ្តន្ទាទោស តាមមាត្រា ២១៣ នៃច្បាប់ស្តីពី ឧបរណ៍អាចជួញដូរបាន (ចេញសែកគ្មានប្រាក់) ជាង ៣០ម៉ឺនដុល្លារ និងប្រតិបត្តិការទូទាត់សងប្រាក់ និងបទឆបោក តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែតុលា ឆ្នាំ២០១១។ ក្រោយពេលឃាត់ខ្លួន ទណ្ឌិតរូបនេះត្រូវបានបញ្ជូនទៅឃុំខ្លួនរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦៕

photo_2016-05-28_06-44-58

photo_2016-05-28_06-44-56

មតិយោបល់