សៀមរាបៈ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូនៅលើផ្លូវជាតិលេខ៦ មិនប្រកាន់ស្តាំ ហើយបានឆ្លងកាត់ផ្លូវជាតិពីត្បូងទៅជើង មិនមានការប្រុងប្រយ័ត្នត្រូវរថយន្តកាមរីបាឡែន បុកបណ្ដាលឲ្យស្លាប់។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវឡើងទៅបារាយណ៍ខាងលិច ស្ថិតក្នុងភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលមកពីអ្នកបើកបរម៉ូតូជិះមិនប្រកាន់ស្តាំ ឆ្លងកាត់ផ្លូវជាតិ មិនមានការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យរថយន្តបុកស្លាប់។
លោកអធិការនគរបាលស្រុកបានបញ្ជាក់ថា រថយន្តដែលបុកម៉ូតូ បណ្ដាលឲ្យជនរងគ្រោះស្លាប់នោះ ម៉ាក់កាមរីបាឡែន ពណ៌ឈាមជ្រូក ពាក់ស្លាកលេខសៀមរាប 2A-7604 បើកពីលិចទៅកើត លុះដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតនៅឆ្នាំ២០១៦ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឌាន ប្រាជ ភេទប្រុស អាយុ៣៤ឆ្នាំ មានមុខរបរជាងភ្លើង រស់នៅភូមិរកា សង្កាត់ក្របីរៀល ក្រុង-ខេត្តសៀមរាប បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ចំពោះអ្នកបើកបររថយន្តពុំស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុបានចុះរត់គេចខ្លួនបាត់។
បន្ទាប់ពីហេតុការណ៍នេះ បានកើតឡើងកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក បានចុះត្រួតពិនិត្យ វាស់វែង និងធ្វើកំណត់ហេតុ កសាងសំណុំរឿងតាមនីតិវិធីច្បាប់ ហើយរថយន្ត និងម៉ូតូត្រូវបានដកហូតមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រីឯសពត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់