កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាកហាយលែនឌ័រមួយគ្រឿង បានបុកជាមួយនឹងម៉ូតូសេ១២៥ ពេញទំហឹង បណ្តាលឲ្យមនុស្សចំនួន២នាក់ស្លាប់យ៉ាងរន្ធត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទី យប់ឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១៨៥-១៨៦ ភូមិឫស្សីជះ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកហាយលែនឌ័រ ដឹកឈើ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2A-7339 បើកបរខ្វះការប្រុងប្រយត្ន័ បានបើកទៅបុកនឹងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1F-4850 បើកបរដោយឈ្មោះ ណុប ស៊ីនួន ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រួមដំណើរជាមួយនិងឈ្មោះ ឆែម ប៊ុនឈិន ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិនាងពុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ដែលជិះម៉ូតូស្លាប់ភ្លាមៗតែម្តង។ ចំណែកអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ រថយន្តបង្ករួមនិងម៉ូតូត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយដើម្បីដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕
មតិយោបល់