ព័ត៌មានជាតិ

បញ្ជូនក្រុមចោរឆក់៤នាក់ ក្នុងចំណោម ៥នាក់ និងវត្ថុតាង ទៅតុលាការនៅរសៀលនេះ!

ភ្នំពេញៈ ក្រោយពីបានធ្វើសន្និសីទ បង្ហាញមុខជនសង្ស័យជាចោរឆក់ ចំនួន ៤នាក់ (ម្នាក់ទៀតកំពុងរត់គេចខ្លួន) និងវត្ថុតាង ម៉ូតូ ២គ្រឿង ជាសាធារណៈនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ នៅរសៀលថ្ងៃដដែល ជនសង្ស័យត្រូវបាន សមត្ថកិច្ចព្រហ្ញមទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់រួមមាន៖
-ទី១ឈ្មោះ ហង្ស វីរៈ (ហៅប៊ឹប) ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ
-ទី២ឈ្មោះ រឿន ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៧ ផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ
-ទី៣ឈ្មោះ ឈន ហេងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៨២ ផ្លូវ៥៩៨ ភូមិ៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
-ទី៤ឈ្មោះ សេង សុធារិទ្ធិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ៦១០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

សូមបញ្ជាក់ថា កម្លាំងនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ បានឃាត់ខ្លួន ជនសង្ស័យម្នាក់នៅត្រង់ចំណុចកោះរ៉ុង សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ និងដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GJ-7421។

ក្រោយសាកសួរជននោះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានសហការជាមួយនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបក្ខពួក ចំនួន ៣នាក់បន្ថែមទៀតកាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចខាងមុខស្ថានទូតវៀតណាម ផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានដកហូតម៉ូតូ ១គ្រឿងទៀតម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខ។

គួររំលឹកថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ក្រុមជនសង្ស័យទាំង៥នាក់ បានជិះម៉ូតូ២គ្រឿង ឆក់យកកាបូបស្ពាយ ដែលមានទូរសព្ទ៣គ្រឿង ថវិកា៣ពាន់ដុល្លារ និងសម្ភារៈមួយចំនួនទៀត ពីជនរងគ្រោះជាស្ត្រី២នាក់ ម្ដាយ និងកូន ដែលកំពុងជិះបើកម៉ូតូឌុបគ្នា បណ្ដាលឲ្យជនរងគ្រោះដួលរងរបួសយ៉ាងធ្ងន់ធ្ងរ នៅមុខសាលាបឋមសិក្សាទួលគោក ផ្លូវលេខ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ពួកគេក៏បានធ្វើសកម្មភាពឆក់កាបូបដៃ ពីជនជាតិអង់គ្លេសម្នាក់ឈ្មោះ John willam Wanmadoocks បានសម្រេច ហើយយកបានទូរស័ព្ទម៉ាក iphone6+ ១គ្រឿង នៅត្រង់ចំណុចខាងមុខវិហ៊ារឥស្លាម ផ្លូវលេខ៨៦ ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ផងដែរ៕

https://youtu.be/bfYSNURN-UI

មតិយោបល់