ខេត្ដកំពង់ស្ពឺ ៖បុរសម្នាក់ត្រូវបាន នគរបាលឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើសកម្មភាពយកភ្លើងដុតផ្ទះ អតីតប្រពន្ធដែលបានលែងលះគ្នាជិត១ឆ្នាំមកហើយ ដោយសារខឹងនាងយកប្ដីក្រោយមួយទៀត។ ករណីឃាត់ខ្លួននេះ ធ្វើឡើងនៅ វេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ នៅភូមិថ្លុករាំ ឃុំ ខ្ទុំក្រាំងស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ បុរសដែលនគរបាលឃាត់ខ្លួនមាន ឈ្មោះ យ៉ុងសុ ភក្ដិ ហៅយ៉តអាយុ២៧ឆ្នាំ មានទីលំនៅភូមិតាំងក្រសាំង ឃុំភ្នាយ ស្រុកសំរោងទងខេត្ដកំពង់ស្ពឺ ។ ចំណែក ស្ដ្រីជាប្រពន្ធមានឈ្មោះ យឹម ដានី អាយុ២៥ឆ្នាំ រស់នៅកន្លែងកើតហេតុ ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថារូបគេនិងអតីត ប្រពន្ធបានយកគ្នាជាប្ដីប្រពន្ធអត់ខាន់ស្លាអស់រយៈពេលជិត៤ឆ្នាំមកហើយ ហើយ មួយរយៈចុងក្រោយនេះរូបគេក៏បានចុះ ពីផ្ទះទៅរស់នៅស្រុកកំណើតវិញ ដោយសារតែរស់នៅមិនចុះសម្រុងគ្នា ។ ជន សង្ស័យបន្ដថារូបគេបានបែកពីអតីត ប្រពន្ធជិត១ឆ្នាំមកហើយ ស្រាប់តែនៅពេលថ្មីៗនេះ រូបគេបានទទួលដំណឹងថានាងបានយកបុរសម្នាក់នៅក្នុងភូមិមករួមរស់ជាមួយគ្នាជាប្ដីប្រពន្ធ ធ្វើឱ្យរូប គេកើតក្ដីប្រច័ណ្ឌក្ដៅក្រហាយជាពេក ពន់ ក៏ជិះម៉ូតូពីផ្ទះកំណើត ក្នុងគោលបំណងទៅដុតផ្ទះអតីតប្រពន្ធចោលមិន ឱ្យរួមរស់ជាមួយប្ដីក្រោយតែនៅពេល ដុតឆេះជញ្ជាំង២ផ្ទាំង ក៏ត្រូវអ្នកភូមិផ្អើលឆោឡោចាប់ប្រគល់ឱ្យសមត្ថកិច្ច តែម្ដង ។ លោកវរសេនីយ៍ត្រី ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានឱ្យដឹងថា ផ្ទះដែលជនសង្ស័យធ្វើសកម្មភាព ដុតនេះ មានទំហំ ៥ម៉ែត្រគុណ ៦ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ជញ្ជាំងដី ។ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរ បាលខេត្ដកំពង់ស្ពឺដើម្បីចាត់ការតាម នីតិវិធី ៕
ព័ត៌មានជាតិ
មតិយោបល់