ព័ត៌មានជាតិ

ហេតុអ្វី តំណាងអយ្យការស្នើឃុំ តែចៅក្រមស៊ើបសួរមិនឃុំ បែរជាដាក់ស្ត្រីចិនម្នាក់ក្រោមការត្រួតពិនិត្យ?

ភ្នំពេញៈ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់តាមទូរសព្ទថា ក្រោយបើកការស៊ើសបសួរ លោកបានសម្រេចចោទប្រកាន់លើឈ្មោះ ឡាង ឡាន ភេទស្រី អាយុ ៥៦ឆ្នាំ ជនជាតិចិន ពីបទ បើកកន្លែងលេងល្បែងស៊ីសង យោងតាមមាត្រា ៥ នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង ប្រព្រឹត្តអតីតរោងភាពយន្តព្រហ្មបាយ័ន សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក សៀង សុខ បានបន្តថា ក្រោយពីបានចោទប្រកាន់ស្ត្រីចិនខាងលើនេះ លោកបាន បញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី ដោយលោកបានស្នើសុំឲ្យចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ឡាង ឡាន ជាបណ្ដោះអាសន្នសិនផងដែរ។

តំណាងអយ្យការរូបនេះបានបញ្ជាក់ថា សំណុំរឿងនេះត្រូវបាន លោក សេង លាង ជាចៅក្រមស៊ើបសួរ កាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ បានសម្រេចមិនឃុំខ្លួនជនត្រូវចោទនោះទេ ដោយបានចេញដីកាសម្រេចដាក់ជនត្រូវចោទ ឈ្មោះ ឡាង ឡាន ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

ទោះជាយ៉ាងណា លោក សៀង សុខ បានបន្ថែមថា ការសម្រេចបែបនេះ វាជាឆន្ទានុសិទ្ធរបស់ចៅក្រមស៊ើបសួរ។

ចំពោះមូលហេតុនៃការដាក់ជនត្រូវចោទឲ្យស្ថិននៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ យើងនៅមិនទាន់អាចសុំការបំភ្លឺពីលោក លី សុផាណា អ្នកនាំពាក្យអយ្យអមសាលាដំបូងរាជធានីភ្នំពេញនៅឡើយទេ ដោយលោកមិនទាន់បានឆ្លើយសំនួរដែលបានចូលទៅ គ្រុបព័ត៌មានអយ្យការអមសាលាដំបូងក្រុងភ្នំពេញ។

គួររំលឹកថា ជនត្រូវចោទឈ្មោះ ឡាង ឡាន ជាម្ចាស់ហាងហ្គេម ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងហាងហ្គេម ខុសច្បាប់មួយកន្លែងមានទីតាំងនៅក្នុងអគារអតីតរោងភាពយន្តព្រហ្មបាយ័ន សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការឆែកឆេរទីតាំង បើកអាជីវកម្មហ្គេម ខុសច្បាប់ នៅអតីតរោងភាពយន្តព្រហ្មបាយ័ន ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបទតាំងល្បែងហ្គេមខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន ៤នាក់ ដែលជនត្រូវចោទជាម្ចាស់ហាង និង៣នាក់ទៀត ជាបុគ្គលិហាងហ្គេម ក្រៅពនោះមានជនជាតិខ្មែរ ចំនួន ១០នាក់ទៀត ជាអ្នកលេង។

ក្រោយការសាកសួរនៅការិយាល័យនគរាបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ច បានអនុញ្ញាតឲ្យអ្នកលេខ ចំនួន ១០នាក់ និងបុគ្គលិក ចំនួន ៣នាក់ជាបុគ្គលិកធម្មតាបានត្រលប់ទៅផ្ទះវិញ ដោយទុកតែឈ្មោះ ឡាង ឡាន ជាម្ចាស់ហាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

https://youtu.be/BOMmoFy90zc

មតិយោបល់