ភ្នំពេញៈ បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ទ្រោមខ្លួន បន្ទាប់ពីបែកគំនិតទៅឆក់ខ្សែកគេតែភ្លាតស្នៀតដួលម៉ូតូតែសំណាងល្អបានប៉ូលិសទៅជួយអន្តរាគមន៍ទាន់កុំអីប្រហែលជាមិនរួចខ្លួនឡើយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវព្រះមុនីវង្សកែង១៧៤ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះឈ្មោះ តាំង តារា ភេទប្រុសអាយុ ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុបមានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ស្ថិតក្នុងភូមិ២ សង្កាត់ស្រះចកខណ្ឌដូនពេញ ម៉ូតូជិះធ្វើសកម្មភាពម៉ាក ហុងដាឌ្រីមសង់ ១២៥ពណ៌ខ្មៅ ឆ្នាំ២០០៨ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1E-6171។
ដោយយោងតាមសំដីសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា មុនពេលកើតហេតុរូបគេចេញពីផ្ទះនៅវេលាម៉ោង៦ល្ងាច ដើម្បីរត់ម៉ូតូឌុបដូចសព្វដង ដោយជិះឆ្វែលដើររកម៉ូយមួយជុំ រហូតដល់ម៉ោង៧យប់ ពេលដែលរូបគេជិះតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទឹសដីពីត្បូងទៅជើង ក៏ប្រទះឃើញជនរងគ្រោះ៣នាក់ម្តាយនិងកូនជិះម៉ូតូកង់បីស្របទិសគ្នា។
ដោយឃើញឱកាសល្អទើបរូបគេជិះមកអ៊ែបខាងស្តាំដៃម៉ូតូកង់បី ហើយធ្វើសកម្មភាពឆក់យកខ្សែករជនរងគ្រោះ បានមស្រេច តែសំណាងអាក្រក់ពេលដែលជនឆក់បាននោះបំរ៉ុងជិះម៉ូតូគេច បែរជាទាក់ដៃចង្កូតជាមួយកង់បីដួលនៅកន្លែងនោះក៏ត្រូវប្រជាពលរដ្ឋចាប់បានវាយឡើងទ្រោមខ្លួន ដូច្នេះតែម្តង។
សមត្ថកិច្ចបានឲ្យដឹងផងដែរថា ពេលដែលកម្លាំងលោកកំពុងជិះល្បាត ក៏ស្រាប់តែឃើញមនុស្សចោមរោមវាយទៅលើបុរសម្នាក់ នោះដោយឃើញដូចនេះកម្លាំងក៏បានចូលទៅសួរនាំ ទើបដឹងថា ជាចោរឆក់។
រួចសមត្ថកិច្ចក៏នាំខ្លួនជនសង្ស័យមកធ្វើការសាក់សួរ នៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងបញ្ចូនបន្តទៅអធិការដ្ឋានខណ្ឌដូនពេញ ចាត់ការតាមនិតិវិធី៕
មតិយោបល់