ព័ត៌មានជាតិ

បើកម៉ូតូព្រលះគ្នាប្រាវ រវល់តែនិយាយទូរស័ព្ទ ភាគីម្ខាងដាក់មេប្រោចបាត់

ភ្នំពេញៈ បុរសម្នាក់ពេលចេញពីផឹកស្រវឹងបាន បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នក៏បុកជាមួយម៉ូតូ១គ្រឿងទៀត បណ្តាលឲ្យដួលបោករបួសទាំងអស់គ្នា កាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភ្លើងស្តុបធនាគារកាណាឌីយ៉ា តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ1BD.5392 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីលិចមកកើត ខណៈមកដល់កន្លែងកើតហេតុក៏បានឆ្លងផ្លូវព្រះមុនីវង្សទៅផ្លូវក្រមួនស តែឆ្លងបានពាក់កណ្ដាលផ្លូវក៏ត្រូវបុរសម្នាក់ទៀតស្រវឹងស្រាជិះម៉ូតូម៉ាកហង់ដាឌ្រីម សេរី២០១០ ពណ៌ខ្មៅ ពាក់ស្លាក កំពត 1G.3828 ទិសដៅស្របគ្នាក៏បានជ្រុលមកបុកម៉ូតូគុបជ្រុងពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលរបួសស្រាលទាំងអស់គ្នាតែម្តង។

ប្រភពព័ត៌មានបានបន្តទៀតថា ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាអស់រយៈពេលយ៉ាងយូរ បន្ទាប់មកដោយភាគីខាងម៉ូតូបង្កម៉ាកហង់ដាឌ្រីមនោះ ដោយគិតឃើញខ្លួនឯងខុស និងឆ្លៀតពេលម្ចាស់ម៉ូតូរងគ្រោះកំពុងតែនិយាយទូរស័ព្ទផងនោះ ក៏បានដើរទៅលើកម៉ូតូរបស់ខ្លួនជិះគេចខ្លួនបាត់ស្រមោលតែម្ដង។

ចំណែកម៉ូតូរងគ្រោះនោះវិញ ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យម្ចាស់រូបនោះវិញយកទៅជួសជុលដោយខ្លួនឯងផងដែរ៕

photo_2016-05-28_08-23-34photo_2016-05-28_08-23-36

មតិយោបល់