ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសព នារីវ័យអាយុ២៦ឆ្នាំម្នាក់ ដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់ មុនីកា ដោយសង្ស័យថា ជាករណីរឹតកសម្លាប់ប្លន់យកម៉ូតូ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងផ្ទះលេខ២៥៣J ផ្លូវលេខ៤៦០ ក្រុមទី២២ ភូមិ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។



សពនារីរងគ្រោះដែលសង្ស័យថាត្រូវគេរឹតកសម្លាប់ប្លន់យកម៉ូតូខាងលើនេះ មានឈ្មោះ អី សុខា អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិកោះនរាយ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដោយមានឪពុកឈ្មោះ អី ធារ៉ា អាយុ៥៩ឆ្នាំ មានមុខរបរជា នាយរងការិយាល័យសិល្បៈ ស្នងការដ្ឋានឃោសនា-ព័ត៌មាន និងមានម្ដាយឈ្មោះ ហៀង សុខ លី អាយុជាង៥០ឆ្នាំ មានមុខរបរកាត់ដេរសម្លៀកបំពាក់នៅផ្ទះ ។



បើតាមសម្ដីឪពុកនារីរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុប្រហែលម៉ោង៩ព្រឹក ម្ដាយនារីរងគ្រោះបានប្រើនាងឲ្យទៅដូរលុយ៤០ដុល្លារ ដោយយកតែលុយខ្មែរ ដើម្បីយកជួសជុលម៉ាស៊ីនខូច ដោយរូបនាងបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-1723 ទៅជាមួយ។ ក្រោយពីរូបនាងចេញទៅ គឺបាត់ឈឹងរហូតតែម្ដង លុះដល់ម៉ោង៧យប់ថ្ងៃកើតហេតុនេះ ទើបរូបគាត់ត្រូវជាឪពុកជនរងគ្រោះបានខលទៅនារីរងគ្រោះ ក៏ត្រូវបានសមត្ថកិច្ចលើកទូរសព្ទ ហើយប្រាប់ថា នារីគ្រោះត្រូវបានគេរឹតក សម្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់មុនីកា តែម្តង។


ដោយឡែកបើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះសំណាក់ខាងលើបានបង្ហើបប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោងជាង១ថ្ងៃរសៀល មានបុរសម្នាក់បានមកជួលបន្ទប់ដេក ហើយក្រោយមកក៏នារីរងគ្រោះខាងលើបានជិះម៉ូតូមកតាមក្រោយចូលទៅក្នុងបន្ទប់តែមួយ ។ បន្ទាប់ក្រោយមក នៅរសៀលថ្ងៃកើតហេតុដដែល បុរសម្នាក់ដែលស្នាក់នៅជាមួយនារីរងគ្រោះខាងលើ បានចុះមកហើយកាន់សោម៉ូតូនារីរងគ្រោះ និងប្រាប់ថា ចេញទៅរកទិញអីហូបបន្តិច ដោយម្ចាស់ផ្ទះសំណាក់មុនីកា នឹកស្មានថា ពួកគេជាសង្សារ និងជាមនុស្សស្គាល់គ្នាទើបមិនសួរដេញដោលអីច្រើន ក៏ព្រមឲ្យបុរសរូបនោះចេញទៅតែម្ដង រហូតបុរសរូបនោះចេញទៅបាត់មិនឃើញត្រឡប់មកវិញដូច្នេះ។ក្រោយមក ក៏មានអ្នកសម្អាតផ្ទះសំណាក់ បានដើរទៅក្បែរបន្ទប់ ហើយឃើញបន្ទាប់ចំហចោល ក៏បានហៅសួរ តែពេលនោះនារីរងគ្រោះមិនក្រោក ធ្វើឲ្យអ្នកសម្អាតផ្ទះសំណាក់ចូលទៅដាស់ តែពេលនោះនារីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ទើបគាត់ប្រញាប់រត់ទៅប្រាប់ម្ចាស់ផ្ទះសំណាក់ និងរាយការណ៍បន្តទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុភ្លាមៗ។

បើតាមសម្ដីពីសមត្ថកិច្ចមូលដ្ឋានបានលួចបង្ហើបប្រាប់ឲ្យដឹងថា ក្នុងករណីខាងលើនេះគឺ មិត្តប្រុសនារីរងគ្រោះ លួងលោមរួមរ័ក្សមេត្រីជាមួយគ្នា ហើយរឹតក សម្លាប់ប្លន់យកម៉ូតូនិងលុយតែម្ដង ព្រោះនៅក្នុងបន្ទប់កើតហេតុ គេសង្កេតឃើញមានស្រោមអនាម័យដែលប្រើប្រាស់ហើយចំនួន២ និងបានបាត់ម៉ូតូនារីរងគ្រោះរួមទាំងលុយដែលម្ដាយនារីរងគ្រោះឲ្យយកទៅដូរផងដែរ។ តែបើតាមសម្ដីឪពុកនារីរងគ្រោះបានប្រាប់ឲ្យដឹងថា នារីរងគ្រោះមានគូដណ្ដឹងរួចទៅហើយ និងជិតរៀបការនៅខែ១២ខាងមុខនេះផងដែរ។

ក្រោយពេលកើតហេតុ សពនារីរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យ រួចប្រគល់សពឲ្យទៅក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់