ព័ត៌មានកីឡា

កីឡាករ៤នាក់ របស់ក្រុម Paris Saint Germain មានម្នាក់ដែល Barcelona ចង់បាន

ថ្វីបើ Barcelona នឹងលក់ Neymar ឲ្យក្រុម Paris Saint Germain តែក្រុមអរស្ប៉ាញមួយនេះ ក៍បានសម្លឹងឃើញ កីឡាករ៤ នាក់របស់ PSG ដែលមានម្នាក់ នឹងត្រូវមកកាន់ Barcelona វិញ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Mundo Deportivo ក្នុងប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ក្រុម Barcelona កំពុងចាប់អារម្មណ៍ កីឡាករ ៤នាក់របស់ក្រុម Paris Saint Germain ។ កាលពីមុន អ្នកតាមដានបាល់ទាត់ទាំងអស់ បានដឹងច្បាស់ គ្រប់គ្នាហើយថា ក្រុម Barcelona ចង់បានខ្សែបម្រើ Marco Verratti យ៉ាងខ្លាំង។ យ៉ាងណាវិញ បើតាមប្រភពខាងលើនេះ បានឲ្យដឹងថា មិនត្រឹមតែ Marco Verratti ទេ នៅមានកីឡាករ ៣នាក់ផ្សេងទៀត របស់ PSG ដែលកំពុងស្ថិតក្រោមក្រសែភ្នែករបស់ ក្រុម Barcelona ក្នុងនោះដែរ រួមមានដូចជា Angel Di Maria , Julian Drexler និង Adrien Robiot ។

ថ្វីបើចាប់អារម្មណ៍លើ កីឡាករ ដល់ទៅ៤រូបមែន តែក្រុម Barcelona មិនមានបំណងចង់បានទាំង៤ ឡើយ គឺក្រុមយក្សអេស្ប៉ាញ មួយនេះនឹងព្យាយាម ទិញយកតែមួយរូបប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ក្រុម Barcelona បានសម្លឹងឃើញ កីឡាករច្រើនណាស់ សម្រាប់ជំនួសតំណែងរបស់ Neymar ដែលក្រៅពីកីឡាករ ៤នាក់ខាងលើ រួមមានដូចជា Philippe Coutinho របស់ Liverpool, Eden Harzad របស់ Chelsea , Dele Ali របស់ Tottenham , Mezut Ozil របស់ Arsenal , Ousmane Dembele របស់ Dortmund និង Pablo Dybala របស់ Juventus ។

យ៉ាងណាវិញ ក្រុម Barcelona នៅមិនទាន់បានទិញយកកីឡាករណាមួយនៅឡើយ ដោយគ្រាន់តែចាប់អារម្មណ៍ និងចរចារមិនទាន់បានសម្រេចនៅឡើយ។ ដូច្នេះហើយ ក្រុម Barcelona កំពុងតែព្យាយាម ដុតដៃដុតជើង យ៉ាងខ្លាំង ដើម្បីយកកីឡាករល្អណាម្នាក់ មកជំនួស Neymar នាពេលឆាប់ៗនេះ។

មតិយោបល់