ភ្នំពេញៈ រថយន្តហាយលែនឌ័រ មួយគ្រឿង បើកបរនៅក្នុងល្បឿនលឿនដល់ផ្លូវបំបែកមិនប្រុងប្រយ័ត្នជ្រុលទៅបុកនឹងរថយន្តក្រឡុកស៊ីម៉ង់ត៍ដែលបើកលឿនដូចគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកបើកបររថយន្តហាយលែនឌ័រ និងអ្នករួមដំណើររងរបួសធ្ងន់ និងស្រាលចំនួន ៥នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៤៣២ កែងនិងផ្លូវ១៦៣ ត្រង់ចំណុចស្តុបទួលទំពូង ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមសាក្សីដែលបានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 5A -0946 បើកបរដោយបុរសម្នាក់ទិសទៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តហាយលែនឌ័រពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AD-0654 បើកបរនិងរួមដំណើរ ដោយមនុស្សប្រុស៥នាក់ ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះដល់ចំណុចកើតមិនប្រយ័ត្នជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ចំចហៀងឆ្វេងខាងបណ្ដាលឲ្យរថយន្តក្រឡុកស៊ីម៉ង់ត៍រេចង្កូតឡើងចិញ្ចើមផ្លូវ។ ចំណែករថយន្តហាយលែនឌ័ររងការខូចខាតផ្នែកខាងមុខទាំងស្រុង ភ្លាមៗអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍ចុះឡើងរួចឡើងលើរថយន្តគ្នាគេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់បន្តទៀត៕







មតិយោបល់