តាកែវៈ សង្ឃកំហូចមួយអង្គ ដែលទើបតែបួសបានត្រឹមតែ៥ខែ នៅមានតណ្ហាផ្លូវកាមខ្លាំងផងនោះ ក៏បានលបលួចចូលទៅចាប់នារីក្រមុំម្នាក់ ដែលមកបួសលាបំណន់នៅក្នុងវត្ត រហូតសម្រេចបាន៣ដង ត្រឹមរយៈពេលប្រមាណ៣ម៉ោង ក្រោយពីនាងបានផឹកថ្នាំរមាស់ និងមានសភាពទន់ភ្នែក កាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅវត្តរំលេច ស្រុកសំរោង ខេត្តតាកែវ។
មន្ត្រីនគរបាលស្រុកសំរោង បានឲ្យដឹងថា សង្ឃកំហូចនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅវត្តរំលេច បន្ទាប់ពីទទួលបានពាក្យបណ្តឹងបស់នារីរងគ្រោះ ដែលព្រះសង្ឃបានចាប់រំលោភនាងតាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦មកម្ល៉េះ។
មន្ត្រីនគរបាល បានបញ្ជាក់ថា មូលហេតុដែលនាង ទើបតែប្តឹងសមត្ថកិច្ច ក៏ព្រោះតែខ្លាចការគំរាមសម្លាប់ចោលពីព្រះសង្ឃរូបនេះ តែម្តងក្រោយពេលចាប់រំលោភបានហើយនោះ ធ្វើឲ្យនាងខ្លាច ហើយដោយទ្រាំនឹងការគំរាមរាល់ថ្ងៃមិនបាន ទើបនាងដាច់ចិត្តប្រាប់ឲ្យគ្រួសារបានដឹងតែម្តង។
មន្រ្តីនគរបាល មូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យជាសង្ឃមានឈ្មោះ ខៀវ សុផល អាយុ៣៧ឆ្នាំ ហៅចំរើន រស់នៅភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ហើយទើបបួសជាសង្ឃបាន៥ខែប៉ុណ្ណោះ។ ដោយឡែកនារីរងគ្រោះមានឈ្មោះ ន ស ភ អាយុ២១ឆ្នាំ រស់នៅឃុំបឹងត្រាញ់ខាងជើង ហើយបានទៅបួសលាបំណន់នៅក្នុងវត្តរំលេច។
នារីរងគ្រោះបានប្រាប់មន្រ្តីនគរបាលថា នៅមុនពេលកើតហេតុ នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ នារីរងគ្រោះបានលេបថ្នាំឲ្យបាត់រមាស់ ស្រាប់តែមានអាការៈធីងធោង មិនស្រួលខ្លួន ពេលនោះក៏ចូលទៅដេក ស្រាប់តែនៅវេលាម៉ោងប្រមាណ៨៖៣០នាទី ជនសង្ស័យជាសង្ឃបានចូលទៅចាប់រំលោភនាងចំនួន៣ដង រហូតដល់ម៉ោងជាង១១យប់ថ្ងៃដដែល ទើបសង្ឃនោះចេញទៅវិញ។
នាងបានប្រាប់ទៀតថា ក្រោយចាប់រំលោភរួចហើយ ស្រាប់តែព្រះសង្ឃអង្គនេះ បានគំរាមសម្លាប់នាងចោល បើហ៊ានប្រាប់ឲ្យនរណាដឹង។ ហេតុនេះហើយ ទើបនាងចេះតែលាក់ទៅ។ ប៉ុន្តែដោយទ្រាំមិនបាន ចំពោះទង្វើដ៏ថោកទាបនេះ ក៏ទម្លាយប្រាប់ក្រុមគ្រួសាររហូតដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចចុះមកឃាត់ និងចាប់ផ្សឹកតែម្តង។
ជនសង្ឃបរាជិករូបនេះ ត្រូវបានមន្ត្រីធម្មការខេត្ត និងស្រុក បានចាប់ផ្សឹក ហើយសមត្ថកិច្ចនាំខ្លួនចាត់ការតាមច្បាប់។ ជនសង្ស័យរូបនេះ ត្រូវបាននគរបាលបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ៕
មតិយោបល់