ភ្នំពេញៈ រថយន្តធន់ត្រាមួយគ្រឿង បើកក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលទៅកៀរម៉ូតូ ហុងដាឌ្រីមស៊េរីឆ្នាំ២០១០ មួយគ្រឿង ដែលកំពុងជិះឌុបគ្នា២នាក់យ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោកទៅនឹងថ្នល់ រងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសាមុយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី ឈានចូលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ សហព័ន្ធរុស្សី នៅម្តុំស្តុបវត្តនាគវ័ន្ត សង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តធន់ត្រា មួយគ្រឿង មិនចាំស្លាកលេខ បានបើកក្នុងល្បឿនយ៉ាងលឿន តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ មិនប្រយ័ត្នបានជ្រុលទៅកៀរនឹងម៉ូតូហុងដាស៊េរី២០១០ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AN-0212 ដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នា បណ្តាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ស្រាលទាំង២នាក់ប្រុសស្រីតែម្តង។ ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងនិងនាំយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារដេប៉ូ៣ ដើម្បីចាំក្រុមគ្រួសាររបស់ជនរងគ្រោះមកទទួលយកទៅវិញផងដែរ៕
មតិយោបល់