ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោក ឈូសឆាយធ្វើគ្រឹះលើផ្លូវ២៨៧មុនចាក់អ៊ុតកៅស៊ូស្ថាបនា

ភ្នំពេញៈ អាជ្ញាធរខណ្ឌទួលគោកនៅរសៀលថ្ងៃទី២៧ឧសភា បានបន្តសកម្មភាពជួសជុលផ្លូវខូចខាត​ឡើងវិញ តាមអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការណែនាំពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។

​កំណាត់ផ្លូវដែលត្រូវជួសជុលឡើងវិញនេះ គឺផ្លូវលេខ២៨៧ ដោយឆ្លងកាត់សង្កាត់ចំនួន២ គឺសង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

​មន្ត្រីសាលាខណ្ឌទួលគោកបានឲ្យដឹងថា កំណាត់ផ្លូវលេខ២៨៧ ដែលត្រូវធ្វើការជួសជុលឡើងវិញនេះ ជាផ្លូវដែលមានលក្ខណៈខូចខាតខ្លាំង ហើយចំពោះការស្ថាបនា គឺចាប់ពីរសៀលថ្ងៃទី២៧ឧសភានេះតទៅ យើងចាប់ផ្តើមឈូសឆាយធ្វើគ្រឹះខាងក្រោម ដោយប្រើប្រាស់ពេលវេលាមួយសប្តាហ៍ បន្ទាប់មកយើងបន្តអ៊ុតកៅស៊ូACតែម្តង។

​មន្ត្រីរូបនេះបន្តថា កំណាត់ផ្លូវ២៨៧នឹងស្ថាបនាឡើងដោយចែកចេញជា២តំណាក់កាល ដោយតំណាក់កាលទី១ ចាប់ផ្តើមស្ថាបនាពីផ្លូវលេខ៥៥៦ ដល់ផ្លូវលេខ៥៦២ មានប្រវែង២៣៣ម៉ែត្រ និងមានទទឹង៨ម៉ែត្រកន្លះ និងដំណាក់កាលទី២ ចាប់ពីផ្លូវ៦១០ ដល់ផ្លូវ៥៦៤ មានប្រវែង១៦០ម៉ែត្រ និងមានទទឹង៨ម៉ែត្រ។

​លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកធ្លាប់មានប្រសាសន៍ឲ្យដឹងហើយថា ការជួសជុល និងស្ថាបនាផ្លូវជាច្រើនខ្សែនៅក្នុងមូលដ្ឋានខណ្ឌទួលគោកដែលបាន និងកំពុងធ្វើសកម្មភាពនាពេលនេះ គឺប្រើប្រាស់ថវិកាគម្រោងមូលនិធិខណ្ឌឆ្នាំ២០១៦ ដោយទទួលការស្ថាបនានិងជួសជុលដោយក្រុមហ៊ុន លីន សុគន្ធា ។

​លោកឯក ឃុនដឿន បានបន្តថា ការជួសជុលកំណាត់ផ្លូវជាច្រើនខ្សែនេះធ្វើឡើងដោយអនុវត្តតាមអនុសាសន៍ដល់ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការណែនាំពីលោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ ទើបសាលាខណ្ឌទួលគោកចុះធ្វើការជួសជុលផ្លូវដែលខូចខាតក្នុងមូលដ្ឋានជាបន្តបន្ទាប់តែម្តង ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ៕

photo_2016-05-28_08-47-16photo_2016-05-28_08-47-17photo_2016-05-28_08-47-18photo_2016-05-28_08-47-19photo_2016-05-28_08-47-20

មតិយោបល់