ភ្នំពេញៈ រថយន្តឡិចស៊ីសRX300មួយគ្រឿង បើកបរដោយបុរសម្នាក់មិនប្រយ័ត្នជ្រុលចង្កូតទៅបុកម៉ូតូស្កុបពី១គ្រឿង ជិះគ្នា២នាក់ម្តាយនិងកូន ដោយបើកបរឆ្លងផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ និងស្រាល២នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង កែងផ្លូវលំ នៅក្នុងក្រុមហ៊ុន(COIC) ភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនរងគ្រោះទាំង២នាក់ ដោយម្តាយមានឈ្មោះ លឹម នី អាយុ៥៨ឆ្នាំ (រងរបួស) និងកូនស្រីអ្នកបើកបរឈ្មោះ ឌី ធារ៉ា អាយុ២៤ឆ្នាំ (រងរបួសបាក់ជើងខាងស្តាំ) អ្នកទាំង២នាក់មានមុខរបរនៅផ្ទះ និងមានទីលំនៅភូមិថ្មី សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ ចំណែកឯអ្នកបើកបររថយន្តបង្កមិនត្រូវបានគេស្គាល់ឈ្មោះនោះទេរងរបួសស្រាល។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ម្តាយ និងកូនជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BB-3666 ដោយបើកបរតាមបណ្តោយផ្លូវលំ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលឆ្លងផ្លូវបានពាក់កណ្តាល ក៏មានរថយន្ត១គ្រឿង ម៉ាកឡិចស៊ីសRX-300 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AO-9497 បើកបរតាមផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ចាប់ហ្វ្រាំងមិនទាន់ ហើយជ្រុលចង្កូតទៅបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យដួលម៉ូតូ ហើយបើកកិនជើងខាងស្តាំរបស់ជនរងគ្រោះបណ្តាលឲ្យរងរបួសបាក់ជើងស្ត្រីជាកូនអ្នកបើកបរ រីឯម្តាយដែលជិះខាងក្រោយបានរងរបួសស្រាល។
បន្ទាប់ពីពេលកើតហេតុ ជនបង្កបានបើករថយន្តរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការដេញតាមចាប់ឃាត់រថយន្ត និងជនបង្កយកមកអធិការខណ្ឌ។ ចំណែកឯជនរងគ្រោះទាំង២នាក់ម្តាយ និងកូនត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តរបស់ខ្លួនយកគ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកវាស់វែង និងនាំយកមធ្យោបាយពាក់ព័ន្ធ និងអ្នកបើកបររថយន្តបង្កទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយជាក្រោយ៕
មតិយោបល់