ព័ត៌មានជាតិ

២នាក់ប្តីប្រពន្ធកំពុងតែរើផ្លែឈើចេញពីរ៉ឺម៉ករៀបដាក់លក់ ស្រាប់តែរថយន្តហាយឡែនឌ័របោះពួយយ៉ាងលឿនមកបុកចំពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់!

ភ្នំពេញៈ ស្រ្តីមានផ្ទៃពោះ៥ខែម្នាក់រួមជាមួយប្ដីរបស់គាត់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់ពីត្រូវរថយន្តម៉ាកហាយឡែនឌ័រ១គ្រឿងបើកបរក្នុងល្បឿនលឿនជ្រុទៅបុកពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចមុខរោងចក្រកាត់ដេរស្បែកជើងមែកណេតហ្វតវែរ ស្ថិតនៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះខាងលើនោះប្រពន្ធឈ្មោះ សន ណារ៉ាន់ អាយុ២៩ឆ្នាំ មានផ្ទៃពោះ៥ខែ និងប្ដីឈ្មោះ អោម ទិត្យ អាយុ៣៥ឆ្នាំ មុខរបរលក់ផ្លែឈើមានទីលំនៅក្នុងភូមិចែងម៉ែង សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រងរបួសធ្ងន់ទាំង២នាក់ ពេលនេះកំពុងត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ពួកគាត់មានមុខរបរលក់ផ្លែឈើ ហើយនៅមុនពេលកើតហេតុពួកគាត់បានបើកបរម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉ក១គ្រឿងដឹកផ្លែឈើ យកទៅលក់នៅត្រង់ចំណុចខាងលើ លុះពេលទៅដល់បានចតរ៉ឺម៉កនៅតាមចិញ្ចើមផ្លូវ និងបានរៀបចំកន្លែងលក់ដូរ។ ខណៈនោះស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ១គ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ2AL-1716 បើកបរក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿនទៅដល់បានបុករុញអូសទាំងមនុស្សនិងរ៉ឺម៉កដឹកផ្លែឈើ បណ្ដាលឲ្យរងរបួសទាំង២នាក់ប្ដីប្រពន្ធតែម្ដង។

ក្រោយពេលកើតហេតុរថយន្តបានរងការខូចខាតក្រពិតដាច់ផ្នែកខាង និងបែកកញ្ចក់ ស្តុបខាងក្រោយ ព្រមទាំងបែកកង់មុខក្រោយទៀតយ៉ាងដំណំផងដែរ ដោយមិនអាចបើកបរបានទៀតឡើយ ចំណែកម៉ូតូសណ្ដោងរ៉ឺម៉កក៏បានរងការខូចខាតដែរ និងត្រូវបាននគរបាលចុះទៅធ្វើការវាស់វែងនាំយកទៅរក្សាទុករង់ចាំការដោះស្រាយគ្នា ហើតជនរងគ្រោះទាំង២នាក់ប្ដីប្រពន្ធ ត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ៕

https://youtu.be/1hZcSr0ObKU

មតិយោបល់