ភ្នំពេញៈ មន្រ្តីយោធាម្នាក់ផឹកស្រាស្រវឹង រួចបានជិះម៉ូតូ១គ្រឿងក្នុងល្បឿនលឿន ហើយស្ទើរតែកៀរក្មេងប្រុសម្នាក់នៅក្នុងតាមផ្លូវក្នុងភូមិ ហើយម្តាយក្មេងបានប្រាប់ថាកុំឲ្យជិះលឿនពេក ស្រាប់តែមកដាល់ស្រី្តរងគ្រោះ២ដៃចំផ្ទៃមុខ ព្រមទាំងវាយទៅប្អូនថ្លៃរបស់ស្រី្តរងគ្រោះដែលចូលមកជួយទៀតផង។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មន្រ្តីយោធាដែលជាជនដៃដល់ខាងលើនោះ មិនទាន់ត្រូវបានគេស្គាល់ឈ្មោះពេញនៅឡើយទេស្គាល់ត្រឹមតែឈ្មោះឪ អាផេងប៉ុណ្ណោះ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ចំណែកស្រ្តីរងគ្រោះឈ្មោះ ពុធ ទូច អាយុ៣៧ឆ្នាំ និងបុរសជាប្អូនថ្លៃដែលត្រូវកណ្ដាប់ដៃមន្រ្តីយោធានោះដែរឈ្មោះកេង
វណ្ណឌី អាយុ៣៥ឆ្នាំមានទីលំនៅក្បែរជនសង្ស័យនោះដែរ។
ប្រភពដដែលបានបន្តទៀតថា កន្លងមកក្រុមគ្រួសារមន្រ្តីយោធារូបនោះ និងគ្រួសាររបស់ជនរងគ្រោះថ្វីដ្បិតតែ រស់នៅជាអ្នកភូមិផងរបងជាប់គ្នាក៏ពិតមែន ប៉ុន្តែមិនដែលត្រូវគ្នានោះទេ គឺធ្លាប់មានទំនាស់ និងគំនុំក្លាយជាសត្រូវស៊ីសាច់ហុតឈាមជាមួយគ្នាយូរមកហើយ មិនដែលមើលមុខគ្នាចំម្ដងណាឡើយ។ ដោយឡែកនៅមុនពេលកើតហេតុជនសង្ស័យមិនដឹងថា ផឹកស្រាមកពីទីណានោះទេ បានជិះម៉ូតូ១គ្រឿងក្នុងល្បឿនលឿនកាត់ភូមិនិងស្ទើរតែកៀរកូនរបស់ស្រ្តីរងគ្រោះថែមទៀតផង។ ខណៈពេលនោះរូបគាត់ប្រាប់ថា ជិះម៉ូតូឲ្យស្រួលបួលប្រយ័ត្នបុកក្មេង គ្រាន់តែនិយាយប៉ុណ្ណឹងស្រាប់តែជនសង្ស័យខឹង ក៏បង្ករឿងបណ្ដាលឲ្យមានទំនាស់គ្នាជាថ្មីកើតឡើង និងបានវាយទៅលើស្រ្តីរងគ្រោះ និងប្អូនថ្លៃ រួចបានរត់គេចខ្លួនចូលទៅក្នុងផ្ទះរបស់ខ្លួនតែម្ដង។
ក្រោយពេលកើតហេតុកម្លាំងនគរបាលបានទៅអន្តរាគមន៍ដែរ ប៉ុន្តែដោយសារ តែជនដៃដល់គឺជាមន្រ្តីយោធា ទើបនគរបាលមិនហ៊ានចូលទៅចាប់ឡើយ ដោយបានរាយការណ៍ទៅថ្នាក់លើរបស់ខ្លួនដើម្បីសុំឲ្យកម្លាំងប៉េអឹមប្រចាំខណ្ឌចុះទៅសាកសួរនឹងឃាត់ខ្លួនជនបង្ករនោះ៕
https://youtu.be/0F6dC4PNLho
មតិយោបល់