បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចំនួន៥នាក់ដឹកនាំដោយលោកអនុសេនីយ៍ឯក ស សុភ័ត្រា មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងជាប្រធានស្នាក់ការសន្តិសុខ៦៥៨ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចកន្លែងចាក់សំរាម ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយបង្ក្រាបបានដកហូតវត្ថុតាងថ្នាំញៀនមេតំហ្វេតាម៉ីន បានចំនួន៥០គ្រាប់ ក្រោយពីឃាត់ខ្លួនហើយជនសង្ស័យ ត្រូវបានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បញ្ជូនមកបញ្ជាការកងរាជអាវុធខេត្ត ដើម្បីសាកសួរ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលលើការងារបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សិត អើក ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់ខោអាវជជុះនៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ទៀតថា មុនពេលចាប់ខ្លួនគឺទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យកំពុងលួចលក់គ្រឿងញៀននៅចំណុចកើតហេតុខាងលើនោះ ទើបកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង។
ក្រោយពីធ្វើការសាកសួរចម្លើយរបស់អាវុធហត្ថរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានជួញដូរគ្រឿងញៀនឲ្យមិត្តភ័ក្រ យកទៅប្រើប្រាស់ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់