បន្ទាយមានជ័យៈ កម្មករសំណង់ម្នាក់ ដែលគេដឹងថាជនជាតិឥស្លាម បានជួបឧបទ្ទេវហេតុ ធ្លាក់ពីលើអាគារកាស៊ីណូក្រោនជាន់ទី១៤ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណការដ្ឋានកាស៊ីណូក្រោន ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យោងតាមសម្តីសក្សីជាកម្មករនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គី ម៉ូសា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ហើយការធ្លាក់នេះ គឺជនរងគ្រោះបានធ្លាក់ពីជាន់ទី១៤ នៃអាគារកាស៊ីណូក្រោន ខណៈកំពុងតែជិះខ្សែយោងឡើងទៅលើ ស្រាប់តែធ្លាក់ខ្សែរដែលចងជាប់នៅនឹងចង្កេះជនរងគ្រោះធ្លាក់ចុះមកខាងក្រោមតែម្តង។
រហូតមកដល់ពេលនេះ ជនរងគ្រោះនៅមិនដឹងថា អាចគេចផុតពីសេចក្តីស្លាប់ឬយ៉ាងណានោះទេ ខណៈដែលក្រុមគ្រូពេទ្យប្រទេសថៃកំពុងជួយសង្គ្រោះ៕
មតិយោបល់