ភ្នំពេញៈ រថយន្តរ៉េងរ៉ូវើ១គ្រឿងបើកបរដោយនារីម្នាក់ក្នុងល្បឿនលឿន ចំណែកម៉ូតូស៊ុយស៊ូគីនិច ជិះដោយបុរស២នាក់ក្នុងល្បឿនលឿនដូចគ្នា លុះមកដល់ចំណុចផ្លូវបំបែកជា៤ ម៉ូតូបានជ្រុលទៅបុកចំក្បាលរថយន្ត បណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់ម្នាក់រងរបួសបាក់ជើងផ្នែកខាងស្តាំ។
ហេតុការណ៍នេះកើតនៅវេលាម៉ោង១១ និង៤៥នាទីយប់ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចស្កុបឧកញ៉ា ម៉ុង ឬទ្ធី កែង ផ្លូវហាណូយ ស្ថិតសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញមានរថយន្តរ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-0789 បើកបរតាមបណ្តោយផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ចំណែកឯម៉ូតូស៊ុយស៊ូគីនិច ពណ៌ស ជិះដោយបុរស២នាក់តាមបណ្តោយផ្លូវឧកញ៉ា ម៉ុង ឬទ្ធី ក្នុងទិសដៅពីលិចទៅកើត ល្បឿនលឿនដូចគ្នា ខណៈដែលម៉ូតូមកដល់ចំណុចកណ្តាលស្កុបម៉ូតូចង់វ៉ាទៅមុនរថយន្តតែមិនផុត ក៏បុកក្បាលរថយន្តពេញទំហឹង ហើយរថយន្តមិនទាន់ជាន់ហ្វ្រាំងបានបុកបន្ថែមបណ្តាលឲ្យមនុស្សនិងម៉ូតូខ្ទាតជាង២០ម៉ែត្រ បុរស២នាក់ដែលជិះម៉ូតូរងរបួសធ្ងន់។
ភ្លាមនោះស្ត្រីបើកបររថយន្តមិនបានបន្តដំណើរទៅមុខនោះទេក៏បានឈប់រថយន្តចុះមកមើលជនរងគ្រោះ ហើយពេលឃើញអ្នកកាសែតថតក៏រត់ចូលរថយន្តវិញរង់ចាំសាច់ញាតិមកជួយដោះស្រាយ។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសាមុយមន្ទីរពេទ្យឯកជន មកដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។ សមត្ថកិច្ចជំនាញចរាចរណ៏ខណ្ឌសែនសុខ បានចុះមកវាស់វែង ធ្វើកំណត់ហេតុនាំយករថយន្តនិងម៉ូតូរួមនិងនារីម្នាក់ជាអ្នកបើកបរទៅកាន់អធិការដ្ធាននគរបាលខណ្ឌ សែនសុខ ដើម្បីធ្វើការដោះស្រាយតាមនិតិវិធីច្បាប់៕
មតិយោបល់