ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នបងប្អូន! ឱសថបុរាណចិនជំនួយផ្លូវភេទ បង្កើនភាពស្រើបស្រាលខុសច្បាប់ រាប់ពាន់ប្រអប់ ត្រូវអាជ្ញាធររឹបអូស

ភ្នំពេញ: កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ គណ:កម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក) បានបង្ហាញឱសថបុរាណចិនជំនួយផ្លូវភេទ បង្កើនភាពស្រើបស្រាលខុសច្បាប់ រាប់ពាន់ប្រអប់ក្នុងសន្និសីទសារព័ត៌មាន នៅឯសាលប្រជុំគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។

ដោយធ្វើវាទ្បើង ក្រោយពីចុះប្រតិបត្តិការត្រួតពិនិត្យ ឆែកឆេរទីតាំហាងលក់ឱសថបុរាណចិនចំនួន ៣ទីតាំង តាមបណ្តោយវិថីហ្សាល់ដឺហ្គោល ស្ថិតក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលចុងខែមិនា។

ក្នុងកិច្ចប្រតិបត្តិការនោះ ក្រុមប្រតិបត្តិការពិសេសនៃគ.ប.ផ.ក បានរឹបអូសបានឱសថខុសច្បាប់ជាច្រើនប្រភេទ មានដូចជា ឱសថបង្កើនអារម្មណ៍ផ្លូវភេទ (ថ្នាំសម្រើប) ឱសថមិនបានចុះបញ្ជីការ គ្មានលិខិតអនុញ្ញាតិឲ្យនាំចូល ឱសថហួសកាលបរិច្ឆេទប្រើប្រាស់ និងឱសថច្រើនប្រភេទទៀត ដែលច្បាប់ហាមឃាត់។

-ទីតាំងហាងចុះបង្ក្រាបទី១ ស្ថិតនៅផ្ទះលេខ១០៦ ផ្លូវលេខ២១៧ ភូមិ០១ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ យីហោអៀកងួន លក់ឱសថបូរាណចិន សមត្ថកិច្ចរឹបអូសបានឱសថបុរាណចិន(សម័យ) គ្មានចុះបញ្ជីការចំនួន៦០ប្រភេទ និងឱសថជំនួយផ្លូវភេទ(ថ្នាំសម្រើប)០៩មុខ៖ YeLangthen,ថ្នាំលេខ៦៩,BlackGorilla,2800Mg,Zegara ពណ៌បៃតង និងពណ៌ផ្ទៃមេឃ,MaxMan,ថ្នាំគ្រាប់ពណ៌លឿងគ្មានឈ្មោះ,Jinmaoshiwang និងTheFirstClassicexcitedmedicine សរុប២,៥៤៨ប្រអប់។

-ទីតាំងទី២ផ្ទះលេខ១០២ ផ្លូវលេខ២១៧ភូមិ១ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ យីហោឱសថបុរាណសញ្ញាទេវតា សមត្ថកិច្ចរឹបអូសបានឱសថបុរាណចិន(សម័យ) គ្មានចុះបញ្ជីការចំនួន២០៧ប្រភេទ សរុប៣៣២៧ប្រអប់។

-ទីតាំងទី៣ផ្ទះលេខ១០៤ផ្លូវលេខ២១៧ ភូមិ១ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ យីហោហាងឡេងជីឱសថបូរាណចិន សមត្ថកិច្ចរឹបអូសបានឱសថបុរាណចិន(សម័យ) គ្មានចុះបញ្ជីការចំនួន១៨៧ប្រភេទ និងឱសថជំនួយផ្លូវភេទ (ថ្នាំសម្រើប)០១មុខ ដែលក្រសួងសុខាភិបាលហាមឃាត់សរុប១,៤៦៥ប្រអប់។

ក្រោយពីការត្រួតពិនិត្យរបស់សមត្ថកិច្ច ដោយមានការឯកភាពពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យផ្អាកអាជីវកម្មទាំង៣ទីតាំងជាបណ្តោះអាសន្ន ដោយសមត្ថកិច្ចកំពុងបន្តសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់