ភ្នំពេញៈ ទីបំផុតទៅសំណុំរឿងស្ត្រីជនជាតិចិនដែលលោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការឲ្យនៅក្រៅឃុំ កាលពីពេលថ្មីៗនោះ ត្រូវបានលាតត្រដាងហេតុផលហើយ។
យោងតាមការបញ្ជាក់របស់លោក លី សុផាណា អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញតាម Telegram នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នេះថា លោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បាន សម្រេចដាក់ជនត្រូវចោទឈ្មោះ ឡាង ឡាន ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិចិន ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយសារជនត្រូវចោទមានស្ថានភាពជំងឺដែលត្រូវព្យាបាលជាចាំបាច់ដើម្បីសង្រ្គោះជីវិត និងដើម្បីសាកសួរចម្លើយជនត្រូវចោទនៅពេលមានសុខភាពល្អសម្រាប់ជាប្រយោជន៍ដល់ចំណាត់ការរឿងក្តីនេះ។
លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញបានថ្លែងបញ្ជាក់តាមទូរសព្ទថា ក្រោយបើកការស៊ើបសួរ លោកបានសម្រេចចោទប្រកាន់លើឈ្មោះ ឡាង ឡាន ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិចិន ពីបទបើកកន្លែងលេងល្បែងស៊ីសង យោងតាមមាត្រា៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ប្រព្រឹត្តអតីតរោងភាពយន្តព្រហ្មបាយ័ន សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក សៀង សុខ បានបន្តថា ក្រោយពីបានចោទប្រកាន់ស្ត្រីចិនខាងលើនេះ លោកបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី ដោយលោកបានស្នើសុំឲ្យចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ឡាង ឡាន ជាបណ្ដោះអាសន្នសិនផងដែរ។
តំណាងអយ្យការរូបនេះបានបញ្ជាក់ថា សំណុំរឿងនេះត្រូវបាន លោក សេង លាង ជាចៅក្រមស៊ើបសួរកាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ បានសម្រេចមិនឃុំខ្លួនជនត្រូវចោទនោះទេ ដោយបានចេញដីកាសម្រេចដាក់ជនត្រូវចោទ ឈ្មោះ ឡាង ឡាន ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
ទោះជាយ៉ាងណា លោក សៀង សុខ បានបន្ថែមថា ការសម្រេចបែបនេះ វាជាឆន្ទានុសិទ្ធរបស់ចៅក្រមស៊ើបសួរ។
គួររំលឹកថា ជនត្រូវចោទឈ្មោះ ឡាង ឡាន ជាម្ចាស់ហាងហ្គែម ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងហាងហ្គែម ខុសច្បាប់មួយកន្លែងមានទីតាំងនៅក្នុងអគារអតីតរោងភាពយន្តព្រហ្មបាយ័ន សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការឆែកឆេរទីតាំង បើកអាជីវកម្មហ្គេម ខុសច្បាប់ នៅអតីតរោងភាពយន្តព្រហ្មបាយ័ន ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងល្បែងហ្គែមខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ ដែលជនត្រូវចោទជាម្ចាស់ហាង និង៣នាក់ទៀត ជាបុគ្គលិកហាងហ្គែម ក្រៅពីនោះមានជនជាតិខ្មែរចំនួន១០នាក់ទៀត ជាអ្នកលេង។
ក្រោយការសាកសួរនៅការិយាល័យនគរាបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចបានអនុញ្ញាតឲ្យអ្នកលេងចំនួន១០នាក់ និងបុគ្គលិកចំនួន៣នាក់ជាបុគ្គលិកធម្មតាបានត្រលប់ទៅផ្ទះវិញ ដោយទុកតែឈ្មោះ ឡាង ឡាន ជាម្ចាស់ហាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី។
គួរកត់សម្គាល់ថា ម្ចាស់បនល្បែងដែលត្រូវបានបញ្ជូនទៅកាន់តុលាការ មិនមែនសុទ្ធតែមានឱកាសបានត្រលប់ទៅផ្ទះវិញដូចគ្នានោះទេ ជាក់ស្តែងស្ត្រីមេម៉ាយផ្ទុកមេរោគអេដស៍ជាអ្នកកត់ឆ្នោតឈ្មោះ ផៃ ភឿន ភេទស្រី អាយុ ៤២ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ និងស្ត្រីអ្នកកត់កន្ទុយលេខម្នាក់ទៀត មកពីខណ្ឌដូនពេញ ក៏ត្រូវតុលាការក្រុងភ្នំពេញបញ្ជូនខ្លួនទៅឃុំខ្លួននៅពន្ធនាគារទាំងសន្លប់បាត់ស្មារតី កាលពីពេលកន្លងទៅ ផងដែរ។ ទោះយ៉ាងណា ការសម្រេចចិត្តដោយផ្អែកលើច្បាប់ និងឆន្ទានុសិទ្ធិរបស់តុលាការ ដោយមានភាពខុសគ្នាបែបនេះ ត្រូវបានមតិមហាជនយល់ឃើញថា ហាក់មានស្តង់ដា២ចំពោះបទល្មើសដូចគ្នា។
បើយោងតាមមាត្រា៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង បានចែងថា អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី៥លានរៀល ដល់២០លានរៀល និងដាក់ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ៕
https://youtu.be/XPivvcA5vcU
មតិយោបល់