សៀមរាបៈ កាលពីវេលាម៉ោង១២និង៣០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប មានករណី ជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចកាច់សោ.កម៉ូតូ ១គ្រឿង ម៉ាក ហុងដាឌ្រីម C-125 ពណ៌ខ្មៅ ពាក់ស្លាកព្រះវិហារ 1B-1301 របស់ជនរងគ្រោះ ឈ្មោះ ឃី រតនៈ ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួលខាងលើ។
បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍ និងពាក្យបណ្ដឹង របស់ជនរងគ្រោះ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គុំ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ូ វ៉ាន់ដេត ដោយមានការចង្អុលបង្ហាញ ពីលោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការរដ្ឋាននគរបាលក្រុងសៀមរាប បានចុះដល់កន្លែងកើតហេតុ និងបើកការស៊ើបអង្កេតស្រាវជ្រាវ បន្ទាប់ពីបានពិនិត្យមើលកាមរ៉ាសុវត្តិភាព កម្លាំងជំនាញ យើងបានធ្វើការការកំណត់អត្តសញ្ញាណជនសង្ស័យ។
រហូតដល់វេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ដោយមានការឯកភាពពី លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការរដ្ឋាននគរបាលក្រុងសៀមរាប ក៏ដូចជាលោកវរសេនីយ៍ត្រី នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលព្រហ្មទណ្ឌ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គុំ បានសម្រេចនាំខ្លួន ជនសង្ស័យចំនួន២នាក់មកធ្វើការសាកសួរ តាមនិតិវិធីជំនាញ។
ជនសង្ស័យទី១ឈ្មោះ វត្តសារ៉េត ប្រុសអាយុ ៣០ ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ មានស្រុកកំណើតនៅភូមិព្រែក ឃុំស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងទី២ឈ្មោះ លីសីហ ភេទស្រី អាយុ២១ ឆ្នាំ មានទីកន្លែងកំណើតនៅ ភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាប្រពន្ធរបស់ជនសង្ស័យ(បច្ចុប្បន្នបញ្ជូនទៅមណ្ឌលអប់រំផ្តាច់សារធាតុញៀន)។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាច់សោ.កលួចយកម៉ូតូ ខាងលើពិតប្រាកដមែន ហើយកន្លងមក ខ្លួនធ្លាប់ធ្វើសកម្មភាពកាច់សោ.កម៉ូតូ នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ចំនួន៩លើកផងដែរ។
វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូចំនួន១គ្រឿង(របស់ជនរងគ្រោះ)
ផ្លែទុឡឺវីស ឆាតមុខ សម្រាប់កាច់សោ.កម៉ូតូចំនួន២គ្រាប់ សៀវភៅ នឹងបានធានាម៉ូតូចំនួន៩ក្បាល ស្លាកលេខម៉ូតូចំនួន២សន្លឹក រួមទាំងឧបករណ៍(កូនសោ)សម្រាប់ដោះគ្រឿងម៉ូតូមួយចំនួនទៀត។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងពាក្យបណ្ដឹងរបស់ជនរងគ្រោះ ជនសង្ស័យត្រូវបាន នគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុង សៀមរាប កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចំណាត់ការតាមផ្លូវច្បាប់៕
មតិយោបល់