ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវខ្សែភ្លើងឆក់រងរបួសធ្ងន់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យស្លាប់បាត់

ភ្នំពេញៈ ករណី ឆក់ចរន្តអគ្គីសនីបណ្ដាលឲ្យស្លាប់ នេះនៅថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០១៧ នៅវេលាម៉ោងប្រហែល៨ព្រឹក នៅចំណុចក្នុងឃ្លាំងកំពុងសាងសង់ក្នុងក្រុមហ៊ុន ISI ស្ថិតនៅភមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាកសពដែលត្រូវខ្សែរភ្លើងឆក់ស្លាប់នោះឈ្មោះ ថន សៀងហៃ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួលសិនចូវ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិ ឧត្តម ឃុំ ក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ ឈ្មោះ ស្រុន វ៉ា ត្រូវជាប្អូនថ្លៃរបស់សព បានបំភ្លឺថានៅម៉ោងកើតហេតុខាងលើ ខ្លួនជាកម្មករសំណង់កំពុងធ្វើការនៅចំងាយប្រហែល៥ម៉ែត្រពីបងថ្លៃ ហើយលឺបងថ្លៃស្រែកថាឲ្យជួយផងគាត់ឆក់ខ្សែភ្លើងហើយ ភ្លាមៗនោះខ្លួនបានស្ទះទៅដកឌុយភ្លើង រួចរត់មកមើលបងថ្លៃខ្លួនសន្លប់បាត់។ បន្ទាប់មកខ្លួនបានស្រែកឆោឡោដើម្បីឲ្យគេជួយ ហើយក៏ប្រញ៉ាប់ប្រញ៉ាល់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សីផងដែរ ពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានពិនិត្យសាកសពបានស្លាប់បាត់ទៅហើយ។

តាមការពិនិត្យរបស់ការិយាល័យបច្ចេកទេសក្រុង បានបញ្ជាក់ថាជនរងគ្រោះបានដោះដូរព្រីភ្លើងធ្វេសប្រហែសមិនបានដកឌុយភ្លើងទើប បណ្ដាលឲ្យឆក់ចរន្តអគ្គីសនីស្លាប់បែបនេះ។

បច្ចុប្បន្នសពត្រូវបានបងប្អូនសាច់ញ្ញាតិ បញ្ជូនទៅដើម្បីធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

មតិយោបល់