ព្រះសីហនុៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកដ៏ទៃមួយខ្នងទៀត យ៉ាងសន្ធោសន្ធៅ ព្រោះតែជម្លោះក្នុងគ្រួសារ។
ករណីនេះកើតឡើងកាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្រុម១៨ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ជនសង្ស័យឈ្មោះ ម៉ែន សីហា ហៅអាប៉ូឡូ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្រុម១៨ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ ទី១មាន ទំហំ៦ម៉ែត្រគុណ៩ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោម ប្រក់ស័ង្កសី ខូចខាតអស់ទាំងស្រុង មានម្ចាស់ឈ្មោះ ម៉ែន សីហា ហៅប៉ូឡូ (ជាជនសង្ស័យ) និងទី២ ផ្ទះមានទំហំ៩ម៉ែត្រ គុណ២៧ម៉ែត្រ ខូចខាតអស់ទាំងស្រុង មានម្ចាស់ផ្ទះ ឈ្មោះ ឈាង អេងស្រាយ ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរគ្រូពេទ្យ និងបានប្រើប្រាស់ទឹកអស់១១គ្រឿង ទើបរលត់ទៅវិញផងដែរ។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានកម្លាំងអាវុធហត្ថកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕
មតិយោបល់