ភ្នំពេញៈ នៅវេលាម៉ោង០១និង០០រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ មានករណីក្មេងប្រុសចំនួន០២នាក់ ត្រូវជាបងប្អូនជីដូនមួយគ្នា ពេលឪពុកម្តាយទៅធ្វើការបាត់ បាននាំគ្នាទៅស្ទូចត្រី នឹងចុះលេងទឹកប្រឡាយ បណ្តាលឲ្យរអិលជើងធ្លាក់ទឹកលង់ស្លាប់ទាំងពីរនាក់ បន្សល់ទុកស្បែកជើង នៅមាត់ប្រឡាយ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅអមផ្លូវរថភ្លើង ក្នុងភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពក្មេងរងគ្រោះទាំងពីរនាក់៖ ទី១-ឈ្មោះ ជា សេងហុង ភេទប្រុស អាយុ០៧ឆ្នាំ ឪពុកឈ្មោះ ជា ពិសិដ្ឋ មុខរបរ យោធា និងម្តាយឈ្មោះ មឿន ធារ៉ា មុខរបរ កម្មការនីរោងចក្រ ។ កុមារងគ្រោះជាកូនពៅក្នុងចំណោមបងប្អូនប្រុស-ស្រីចំនួន០២នាក់ មានទីលំនៅក្បែរកន្លែងកើតហេតុ និងទី២-មានឈ្មោះ ជា លីហ័រ ភេទប្រុស អាយុ០៦ឆ្នាំ មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវជាកូនពៅក្នុងចំណោមបងប្អូនប្រុសចំនួន០២នាក់ ហើយក្មេងរងគ្រោះនេះទើបនឹងមកលេងបងប្អូនបានរយៈចំនួន០៣ថ្ងៃប៉ុណ្ណោះ ទើបជួបហេតុការណ៍យ៉ាងដូច្នេះ ។
នៅមុនពេលកើតហេតុ ក្មេងរងគ្រោះឈ្មោះ ជា លីហ័រ ទើបតែមកលេងផ្ទះបងប្អូនបាន៣ថ្ងៃ ហើយនៅថ្ងៃកើតហេតុ ឪពុកជាម្ចាស់ផ្ទះ បានចេញទៅធ្វើការនៅតាមខេត្ត ហើយម្តាយទៅធ្វើការនៅរោងចក្រ រីឯកូនស្រីម្នាក់អាយុ១០ឆ្នាំ បានចេញទៅរៀន ក្មេងរងគ្រោះ ទាំងពីរនាក់នៅចាំផ្ទះ ។ នៅវេលាម៉ោង០១រសៀល បងស្រីរបស់ក្មេងរងគ្រោះ បានវិលត្រលប់មកដល់ផ្ទះវិញ មិនឃើញប្អូនៗ ហើយក៏ដើររកតែមិនឃើញ ។ ខំដើរតាមរកមើលមាត់ប្រឡាយវាលស្រែ ក្បែរផ្ទះ ចំងាយជាង១០០ម៉ែត្រ ស្រាប់តែប្រទះឃើញ ស្បែកជើង និងដងសន្ទូច ទើបឆោឡោឡើង សង្ស័យក្មេងទាំងពីរនាក់លង់ទឹក ផ្អើលដល់អ្នកភូមិនាំគ្នា ជួយយកសំណាញ់ និងអួនចុះអូស រាវ រហូតដល់វេលាម៉ោង០៣និង៣២នាទីរសៀល ក៏ប្រទះឃើញសព ក្មេងរងគ្រោះម្នាក់ឈ្មោះ ជា លីហ័រ ចំណែកក្មេងឈ្មោះ ជា លីហុង ប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅបន្តរាវរក តែមិនទាន់ឃើញនៅឡើយ ។ លុះនៅវេលាម៉ោង ០៦ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១នេះ ទើបរកឃើញសពក្មេងរងគ្រោះម្នាក់ទៀត ។
ប្រឡាយខាងលើនេះ មានទទឹង៣ម៉ែត្រ ជម្រៅ៤ម៉ែត្រ គ្មានជើងទេ គ្មានទំនប់ភ្លឺ ស្របជាមួយផ្លូវរថភ្លើង ដើម្បីបង្ហូររំដោះទឹក ។ លុះដល់ពេលទឹកពេញប្រឡាយ ស្មើនឹងទឹកស្រែមើលមិនដឹងថាមាត់ប្រឡាយនោះទេ ។
ក្រោយពេលកើតហេតុ សាកសពក្មេងរងគ្រោះទាំងពីរនាក់ខាងលើ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើ កោសល្យវិច្ច័យរួច បានប្រគល់ទៅក្រុមគ្រួសារ យករៀបចំធ្វើបុណ្យតាមប្រពៃណី ។
សូមបញ្ជាក់ថាៈ កាលពីវេលាម៉ោង០៦និង០០នាទីល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ មានករណីក្មេងប្រុសចំនួន០២នាក់ ត្រូវជាបងប្អូនជីដូនមួយ បាននាំគ្នាទៅលេងទឹកប្រឡាយមួយកន្លែង បណ្តាលឲ្យលង់លិចស្លាប់បាត់បង់ជីវិតទាំងពីរនាក់ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕
មតិយោបល់