ភ្នំពេញៈ សំណូមពរពីប្រជាពលរដ្ឋ សូមឲ្យអាជ្ញាធរពាក់ព័ន្ធជួយសម្រួល កំណាត់ផ្លូវ ចូលផ្សារព្រៃទា បំបែកចេញពីផ្លូវសហព័ន្ធរុស្ស៊ី ដល់កែងរោងចក្រ ក្បែរផ្សារព្រៃទា ប្រវែងជាង៣០០ម៉ែត្រ ព្រំប្រទល់ ភូមិព្រៃទា សង្កាត់ចោមចៅ ជាមួយភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
កំណាត់ផ្លូវខាងលើ ទទួលរងការខ្ទេចខ្ទាំខូតខាត ស្ទើរតែទាំងស្រុងទៅហើយ អស់រយៈពេលច្រើនខែ ច្រើនឆ្នាំ ពុំមានការជួសជុលឡើយ រហូតមកដល់ពេលនេះ ខណៈដែលរដូវភ្លៀងធ្លាក់ចូលមកដល់ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ដំណើរឆ្លងកាត់ ឬពលរដ្ឋ ប្រើប្រាស់កំណាត់ផ្លូវខាងលើ ជាចាំបាច់ កើតក្តីព្រួយបារម្ភ ដែលជនលិច បែកភក់ជ្រាំ រាល់រដូវភ្លៀងធ្លាក់។
តាមប្រជាពលរដ្ឋ ប្រើប្រាស់ កំណាត់ផ្លូវខាងលើជាប្រចាំ បានឲ្យដឹងថា ផ្លូវ មួយខ្សែដែលបំបែកចេញពីផ្លូវសហព័ន្ធរុស្ស៊ីចូលទៅផ្សារព្រៃទា សង្កាត់ចោមចៅ ចូលទៅភូមិត្រពាំងជ្រៃ ក្បាលដំរី សង្កាត់កាកាប កំណាត់ផ្លូវនេះ ទទួលរងការខូចខាតជាច្រើនខែឆ្នាំមកហើយ ដោយសាររថយន្ត តូចធំ លើសទម្ងន់ បើកឆ្លងកាត់ទាំងយប់ទាំងថ្ងៃ ហើយក៏ជាផ្លូវប្រជុំទៅដោយមធ្យោបាយយានជំនិះឆ្លងកាត់ច្រើន ទើបបង្កងាយរងខូចខាត។
ពលរដ្ឋបន្តទៀតថា អស់ជាច្រើនឆ្នាំមកហើយ មិនទាន់ឃើញមានអាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធណាមួយ ធ្វើការជួសជុលឡើយ ទុកឲ្យកំណាត់ផ្លូវមួយនេះក្លាយជាជង្ហុកជ្រៅ ទួលខ្ពស់ មានការលំបាកដល់ អ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ ហើយអ្វីដែលប្រជាពលរដ្ឋកាន់តែកើតក្តីព្រួយបារម្ភនោះ នៅពេលដែលរដូវភ្លៀងធ្លាក់ ចូលមកដល់កំណាត់ផ្លូវមួយខ្សែនេះប្រាដកជា ត្រូវបានជន់លិច ពោរពេញទៅដោយ ទឹក ល្បាប់ ភក់ជ្រាំ រឹតតែជួបការលំបាក ខណៈដែលពលរដ្ឋចំនួនច្រើន តម្រូវការចាំបាច់ប្រើប្រាស់កំណាត់ផ្លូវនេះ តែបើរដូវប្រាំងរាំងស្ងួតវិញ នោះមិនជាបញ្ហាចោទប៉ុន្មានទេ យានជំនិះអាចបើកបរឆ្លងកាត់បានតែរដូវភ្លៀងធ្លាក់ សឹងយកទូកមកអុំឆ្លងកាត់បានទៅហើយ។
បញ្ហា ដោយសារកំណាត់ផ្លូវមួយខ្សែខាងលើនេះ ខណៈដែលរដូវភ្លៀងចូលមកដល់ ជាក្តីកង្វល់របស់ពលរដ្ឋ។
ទន្ទឹមនឹង នេះពលរដ្ឋ សំណូមពរផងដែរ ដល់អាជ្ញារ គ្រប់លំដាប់ថ្នាក់ មេត្តាជួយ សម្រួល បើមិនបានចាក់បេតុងឡើងវិញទេ បានត្រឹមឈូសឆាយ ពង្រាបឲ្យស្មើ ការពារកុំឲ្យទឹកភ្លៀងជន់លិចក៏បានដែរ កាលបើកន្លងមក ពលរដ្ឋធ្លាប់បានរាយការណ៍ និងសំណូមពរអាជ្ញាធរ រួចមកហើយដែរ តែពុំមានដំណោះស្រាយជូនពលរដ្ឋ ហាក់មិនដឹងមិនឃើញ៕
មតិយោបល់