ព័ត៌មានជាតិ

លោកគ្រូបង្រៀនម្នាក់ជិះម៉ូតូលឿន ជ្រុលទៅបុកសសររបងថ្ម បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

តាកែវ: នៅវេលាម៉ោង១៣និង៥នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង លោកគ្រូបង្រៀនម្នាក់ បើកបរម៉ូតូមួយគ្រឿងយ៉ាងលឿន ដល់ត្រង់ចំណុចផ្លូវកោងបត់មិនទាន់ ជ្រុលទៅបុកសសររបងថ្ម បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ស្ថិតត្រង់ចំណុចភូមិស្នួលខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Honda drem ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ តាកែវ ១S-៧៨៨២ បើកបរដោយឈ្មោះ ថ្លាង សុរិទ្ធ ភេទប្រុសអាយុ ៣២ ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅភូមិ ត្រពាំងស្រង់ ឃុំ ស្លា ស្រុកសំរោង ខេត្តតាកែវ ។ ជនរងគ្រោះ បើកបរម៉ូតូពីជើងទៅត្បូងក្នុងល្បឿនលឿន ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុផ្លូវកោង ក៏ជ្រុលទៅបុកបង្គោលសសររបងថ្ម នៅខាងកើតផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋានបានចុះមកធ្វើកំណត់ហេតុ សាកសពជនរងគ្រោះ បន្ទាប់មកវត្ថុតាងរួមមានម៉ូតូមួយគ្រឿង ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់