ជប៉ុនៈ ក្រុមអ្នកពន្លត់អគ្គីភ័យរាប់សិបនាក់ នៅក្នុងប្រទេស បានប្រតិបត្តិការពន្លត់អណ្ដាតភ្លើង ដែលកំពុងឆាបឆេះ នៅផ្សារត្រី Tsukiji ដ៏ធំមួយរបស់ពិភពលោក និងក៏ជាកន្លែងទេសចរពេញនិយមបំផុត ក្នុងទីក្រុងតូក្យូ ខណៈដែលមានផ្សែងពណ៌ប្រផេះ បានហុយឡើងទៅលើទីក្រុង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧។
នាយកដ្ឋានពន្លត់អគ្គីភ័យក្រុងតូក្យូ បាននិយាយថា កិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់អណ្តាតភ្លើង បានជួបប្រទះនូវផលវិបាកយ៉ាងខ្លាំង ដោយសារផ្លូវចូលទៅកាន់តំបន់នោះ មានលក្ខណៈតូចចង្អៀត។
សូមជំរាបថា ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ០៤ និង ៥០ នាទីរសៀលថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងស្រុក) ដោយអគ្គីភ័យនេះ មានប្រភពចេញពីអគារមួយ ដែលមានកម្ពស់បីជាន់ នៅក្នុងតំបន់ក្បែរផ្សារ។
រថយន្តពន្លត់អគ្គីភ័យរាប់សិបគ្រឿង ត្រូវបានគេដាក់ពង្រាយ ដើម្បីទប់ស្កាត់បញ្ហាភ្លើងឆេះ រីករាលដាលទៅកាន់អគារចំនួនប្រាំ នៅក្បែរនោះ ដែលមានទំហំ ៣០០ ម៉ែត្រការ៉េ។
គួរបញ្ជាក់ដែរថា ករណីអគ្គិភ័យឆាបឆេះ នៅផ្សារត្រីជប៉ុននេះ មិនមានសេចក្ដីរាយការណ៍ថា មានអ្នករងរបួសនោះទេ ប៉ុន្តែ មូលហេតុយ៉ាងណានោះ គេនៅមិនដឹងនៅទ្បើយទេ៕
https://www.youtube.com/watch?v=zi0oUWeLBIo
មតិយោបល់