ព័ត៌មានជាតិ

បុរសម្នាក់ឡើងផ្សារស្លាកយីហោវេលុយ ត្រូវចរន្តអគ្គិសនីឆក់ដួលដេកលើដំបូលសង្ក័សីរបួសធ្ងន់

ភ្នំពេញៈ បុរសម្នាក់ដែលជាជាងផ្សារដែកម្នាក់ ខណៈដែលឡើងទៅផ្សារតម្លើងស្លាកយីហោវេលុយនៅកន្លែងលាងរថយន្តមួយកន្លែង ត្រូវបានចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យដួលលើដំបូលស័ង្កសីរងរបួសយ៉ាងធ្ងន់ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។

ហេតុការណ៍នោះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង១៥នាទីល្ងាច ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ នៅក្នុងយានដ្ឋានជួសជុលរថយន្តនិងលាងរថយន្តយីហោ«មជ្ឈមណ្ឌលថែទាំយានយន្តVSស្អាតល្អ»ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះខាងលើនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ហើយមានទីលំនៅ នៅឯណានោះឡើយ គាត់មានអាយុប្រហែល៣៥ឆ្នាំ បានរងរបួសធ្ងន់ ហើយនៅមុនពេលកើតហេតុគាត់បានឡើងទៅលើដំបូលយានដ្ឋាននោះ ដើម្បីផ្សារតម្លើងស្លាកយីហោវេលុយមួយទៀតថ្មី។ ពេលនោះក៏ត្រូវបានចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យដួលដេកនៅលើដំបូលដែកស័ង្កសី បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអ្នកនៅជិតនោះបាននាំគ្នាបិទបារ៉ែតភ្លើងនិងហៅរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យទៅកាន់ទីនោះដឹកទៅសង្គ្រោះភ្លាមៗផងដែរ។

ប្រភពខាងលើបានបង្ហើបទៀតថា អាគារយានដ្ឋាននោះសាងសង់ពីដែកទាំងគ្រោងនិងដំបូលហើយការឆក់បណ្ដាលឲ្យរងរបួសនេះសង្ស័យ បណ្ដាលមកពីការធ្វេសប្រហែស ហើយខ្សែភ្លើងមានមុខតំណរប៉ះជាមួយដែកអាគារយានដ្ឋាននេះ ទើបឆ្លងចរន្តបណ្ដាលឲ្យឆក់បែបនេះតែម្ដង ហើយអ្នកជិតខាងបាននាំគ្នាដាក់ជណ្ដើរឡើងទៅដាក់ជនរគ្រោះចុះក្រោមរួចដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ៕

មតិយោបល់