ភ្នំពេញៈ រថយន្តសណ្តោងដឹកថ្មគ្រួសមួយសង្ស័យអ្នកបើកបរ ស្រវឹងស្រា បានរេចង្កូតធ្លាក់ចូលស្រែក្រឡាប់ ផ្ងារជើងមួយចំហៀង ចាក់ថ្មចោលពាសពេញផ្លូវ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ទុលមុខផ្ទះយីហោ រស់ លីណា លក់គ្រឿងសំណង់ និងគ្រឿងអគ្គិសនី ផ្លូវបេតុ៣០ម៉ែត្រ ភូមិធ័មត្រ័យ សង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានបើករថយន្តសណ្តោងដឹកថ្ម ម៉ាកFUSU ពណ៌ក្រហមលាយទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ3A-1777 បានធ្វើដំណើរតាមផ្លូវ បេតុង៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន និងសង្ស័យអ្នកបើកបរស្រវឹងផង ខណៈមកដល់ចំនុចកើតហេតុបានរេចង្កូត ធ្លាក់ផ្លូវក្រឡាប់ចូលក្នុងស្រែ ផ្ងារជើងមួយចំហៀង បណ្តាលឲ្យកម្ទេចថ្មនៅក្នុងរថយន្ត ចាក់ចោលពាសពេញផ្លូវ និងធ្វើឲ្យរថយន្តរងការខូចខាត មួយចំហៀងខាងឆ្វេង និងបែកកញ្ចក់ខាងមុខ។ ហើយភ្លាមៗនោះដែរគេបានឃើញអ្នកបើកបររថយន្តបានលូនចេញតាមទ្វារមកក្រៅ រួចរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុ ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ រួចពិនិត្យឃើញថា មិនមានប៉ះពាល់ដល់សម្បត្តិសាធារណៈ និងអ្នកដ៏ទៃនោះទេ ហើយក៏បានឲ្យម្ចាស់រថយន្ត ហៅរថយន្តស្ទូចមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕
មតិយោបល់