Sharp គឺជាក្រុមហ៊ុនអេឡិចត្រូនិចរបស់ប្រទេសជប៉ុន មួយដែលប្រជាជនកម្ពុជា ភាគច្រើនស្គាល់ថា ជាក្រុមហ៊ុនផលិតបរិក្ខាអេឡិចត្រូនិចដូចជា ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនថតចម្លងជាដើម។ល។ ប៉ុន្តែ មានមនុស្សតិចណាស់ដែលដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកមួយនេះ មានផលិតផលស្មាតហ្វូនដែរនោះ។
តាមពិតទៅ Sharp ក៏ឋិតក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូនបំពាក់គែមអេក្រង់ស្តើងមួយនៅលើពិភពលោកផងដែរ ហើយក្រុមហ៊ុនក៏កំពុងបោះជំហានទៅមុនបន្ថែមទៀតដែរ ជាមួយផលិតផលទូរសព្ទដៃទំនើបស៊េរីថ្មីរបស់ខ្លួនម៉ូឌែល Aqous S2 ដែលខ្លួនថា នឹងក្រាលដោយអេក្រង់មានផ្ទៃលាតធំបំផុតមិនធ្លាប់មាន។
នៅក្នុងសន្និសីទកាសែតមួយធ្វើឡើងកាលពីថ្ងៃម្សិលមិញ ក្រុមហ៊ុន Sharp បាននិយាយថា Aquos S2 នឹងបង្ហាញវត្តមានជាមួយផ្ទៃអេក្រង់លាតធំពេញមានទំហំ ៨៤.៩៥% នៃផ្ទៃទូរសព្ទ ធំជាងផ្ទៃអេក្រង់ Galaxy S8 និង S8+ ដែលមានទំហំស្មើ ៨៣.៦% និង ៨៤% រួមទាំង Xiaomi Mi Mix ដែលមានទំហំត្រឹម ៨៣.៦%។
ក្រុមហ៊ុនក៏បានឱ្យដឹងទៀតថា «អេក្រង់ Aquos S2 គឺមានទំហំ ៥.៥ អីុញ ប៉ុន្តែ អ្នកប្រើនឹងមានអារម្មណ៍ថា វាមានទំហំត្រឹម ៥ អីុញប៉ុណ្ណោះ។ ទូរសព្ទដែលមានអេក្រង់លាតធំគ្មានគែមបែបនេះ គឺមិនមែនមានសេចក្តីថា វាគ្មានកាមេរ៉ាមុខសម្រាប់ថតរូប Selfie នោះទេ។ ពោលគឺ Sharp បានប្រើបច្ចេកវិទ្យា FDD ដើម្បីកាត់ទម្លុះកញ្ជក់អេក្រង់សម្រាប់ទុកប្រឡោះដាក់កាមេរ៉ាមុខ និងរន្ធស្តាប់សំឡេងខាងក្នុង។
ក្រុមហ៊ុនយក្សជប៉ុនមួយនេះ បានបន្ថែមថា គោលដៅធំចម្បងរបស់ខ្លួនគឺនឹងផលិតចេញនូវអេក្រង់ស្មាតហ្វូនគ្មានគែម ១០០% ដែលមានការបំពាក់បន្ទះស្កេនក្រយៅដៃ និងកាមេរ៉ាមុខនៅលើផ្ទៃអេក្រង់។
ទូរសព្ទដៃ Sharp Aquos S2 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ៨ សីហា ខាងមុខ នាទីក្រុងប៉េកាំង ហើយវានឹងចែកចាយលក់នៅលើទីផ្សារប្រទេសចិន មួយសប្តាហ៍ក្រោយពីការប្រកាស។
ទោះយ៉ាងណា ក្រុមហ៊ុនមិនបានបញ្ជាក់ថា ខ្លួននឹងនាំយកវាទៅលក់នៅក្នុងប្រទេសណាផ្សេងទៀតនោះទេ ចំណែកតម្លៃវិញ ក៏មិនទាន់បានបើកបង្ហាញនោះដែរ៕
ប្រភពព័ត៌មានៈ androidauthority
មតិយោបល់