ព័ត៌មានជាតិ

ចោទប្រកាន់បន្ថែមលើឧកញ៉ា សុខ ហេង និងគូកន រឿងក្លែងឯកសារយកដីពលរដ្ឋ ជាង១០០ហិកតា នៅសង្កាត់ពន្សាំង

ភ្នំពេញៈ ក្រោយពីបានចោទប្រកាន់លោក ឧកញ៉ា សុខ ហេង និងឈ្មោះ នុត រស្មី ពីបទ ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត មួយបទចោទ រួចមកហើយនោះ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧នេះលោកស្រី ស៊ឺ វណ្ណនី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បា ចោទប្រកាន់លោក ឧកញ៉ា សុខ ហេង និងគូកន មួយបទចោទបន្ថែមទៀត ពាក់ករណី ក្លែងឯកសារបន្លំយកដីពលរដ្ឋ។

យោងតាម ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ លេខ ៣០៦៤ អយឃ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ របស់លោកស្រី ស៊ឺ វណ្ណនី បានចោទប្រកាន់លោក ឧកញ៉ា សុខ ហេង និងគូកន ពីបទ ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ យោងតាមមាត្រា ៦២៦ មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។

ដីកានេះក៏បានស្មើសុំឲ្យចៅក្រមស៊ើបសួរ ឃុំខ្លួនជនត្រូវចោទឈ្មោះ សុខ ហេង ជាបណ្ដោះអាសន្ននៅពន្ធនាគារផងដែរ។

សូមបញ្ជាក់ថា លោកស្រី ឌី សារៀម អតីតចៅសង្កាត់ពន្សាំង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ បានដាក់ពាក្យប្តឹង ឧកញ៉ា សុខ ហេង និងឈ្មោះ នុត រស្មី ជាជំនួយការ នៅតុលាការរាជធានីភ្នំពេញ ដោយចោទថា ឧកញ៉ា សុខ ហេង និងជំនួយការ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ បានបញ្ជាឲ្យមេភូមិ មេភូមិរង ចំនួន ៨នាក់ រួមមានឈ្មោះ ប៊ិ បឿន ឈ្មោះ ប៉ុន សុភី ឈ្មោះ នួន នីម, ឈ្មោះ ញ៉ែម អ៊ំ ,ឈ្មោះ អ៊ុន អ៊ុត, ឈ្មោះ បូរ បាន, ឈ្មោះ ឃន ខន និងឈ្មោះ សុត សុខ មានតួនាទីជាប្រធានភូមិ និងអនុប្រធានភូមិ ភូមិត្នោតខ្ពស់ ភូមិបឹងខ្នំ ភូមិកន្លែងគល់ ភូមិចុងថ្នល់ នៃសង្កាត់ពង្សាំ ខណ្ឌព្រែកព្នៅ កោសលុប និងកែព្រំប្រទល់ដីធ្លី ចំនួន ៨២ ហិចតា ដែលមានទីតាំងនៅតំបន់វាលស្មោញ ចំនួន ៦១ហិចតា និងតំបន់ភូមិចុងថ្នល់ ចំនួន ២១ហិចតា ទៅដាក់ព្រំប្រទល់ថ្មីលើឯកសារចាស់ដែលផ្ទេរកម្មសិទ្ធិរួចហើយចំនួន ៤ច្បាប់ ដោយកែដាក់ព្រំថ្មីរំលោភយកដីប្រជាពលរដ្ឋចំនួន ១៣០ ហិចតា នៅចំណុចក្តាន់ពង ជាដីរួម ៧ភូមិ រួមមាន៖ ភូមិត្នោតខ្ពស់ ភូមិបឹងខ្នំ ភូមិកន្លែងគល់ ភូមិចុងថ្នល់ ភូមិទួល ភូមិតាស្គរ និងភូមិព្រៃស្វាយ ដែលប្រជាពលរដ្ឋបានលក់ឲ្យទៅឈ្មោះ លីវ សុខអួង និងឈ្មោះ អ៊ិន សុភារី រួចទៅហើយ។

លោកស្រី ឌី សារៀម អតីតចៅសង្កាត់ពន្សាំង បានថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅលើដីទំនាស់ថា ក្រោយពីបាន កោសលុប និងកែព្រំប្រទល់រំលោភយកដីប្រជាពលរដ្ឋចំនួន ១៣០ហិចតានោះរួចរាល់ហើយ លោកឧកញ៉ សុខ ហេង បានយកឯកសារកោសលុប និងលុយ ២ម៉ឺនដុល្លារ ទៅឲ្យលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ ដើម្បីយកទៅឲ្យលោកស្រី ចុះហត្ថលេខា ទទួលស្គាល់ឯកសារកោសលុប និងធ្វើឯកសារឲ្យឧកញ៉ា សុខ ហេង អាចលក់ដី ១៣០ហិចតានោះ ទៅឲ្យក្រុមហ៊ុនពិភពថ្មីបាន ប៉ុន្តែនៅពេលនោះលោកស្រី ឌី សារៀម មិនព្រមធ្វើតាមបញ្ជាលោក សុខ សម្បត្តិ នោះទេ ព្រោះតែលោកស្រីមើលឃើញថាឯកសារនោះ ជាឯកសារខុសច្បាប់ ទើបលោកស្រីបានដាក់ពាក្យប្តឹងលោក ឧកញ៉ា សុខ ហេង និងគូកនតែម្តងទៅ។

គួររំលឹកថា លោក ឧកញ៉ា សុខ ហេង និងលោក នុត រស្មី ជាជំនួយការត្រូវបានកម្លាំងសមត្ថកិច្ចកងរាជរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ខណៈពួកគេកំពុងប្រព្រឹត្តបទល្មើសធ្វើរបងព័ទ្ធយកដីប្រជាពលរដ្ឋ។

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ សុខ ហេង និងឈ្មោះ នុត រស្មី ពីបទ ហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ យោងតាមមាត្រា ២៥៣ នៃច្បាប់ភូមិបាល៕

https://youtu.be/AnOUZHg4T0s

មតិយោបល់